ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ហាងលក់ដេញថ្លៃ Sotheby របស់អង់គ្លេសបានតាំងបង្ហាញសិល្បៈនារដូវស្លឹកឈើជ្រុះនៅបុរីញូវយ៉កនៅមុនពេលលក់ដេញថ្លៃនៅក្នុងខែនេះ ប៉ុន្តែអ្វីដែលចម្លែកនោះគឺគ្រាន់តែផ្លែចេកអំបូងមួយផ្លែបិទស្គត់ជាប់នឹងជញ្ជាំងសោះអាចលក់បានថ្លៃរហូតដល់ជាងមួយលានដុល្លារ។
លោក Maurizio Cattelan អ្នកសិល្បៈជនជាតិអ៊ីតាលីគឺជាអ្នកមានគំនិតសិល្បៈប្លែកៗរហូតទទួលបានងារជា«អ្នកកំប្លែង»ទៀតផង។ កាលពីឆ្នាំ២០១៩ លោក Cattelan បានបង្កើតសិល្បៈដ៏ចម្លែកមួយគឺការយកផ្លែចេកអំបូងមួយផ្លែបិទស្គត់ជាប់នឹងជញ្ជាំងនៅវិចិត្រសាល Art Basel ក្នុងទីក្រុង Miami រដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក ហើយផ្លែចេកនោះអាចលក់បានក្នុងតម្លៃ១២ម៉ឺនដុល្លារនៅពេលនោះ។
គំនិតសិល្បៈប្លែករបស់វិចិត្រកររូបនេះបានបន្តល្បីល្បាញរហូតមកដល់ពេលនេះ។ ថ្មីៗនេះហាងលក់ដេញថ្លៃ Sotheby របស់អង់គ្លេសបានតាំងបង្ហាញសិល្បៈនៃការបិទផ្លែចេកជាប់នឹងជញ្ជាំងរបស់លោក Cattelan ជាថ្មីដើម្បីលក់ដេញថ្លៃដោយគេរំពឹងថានឹងលក់បានតម្លៃរហូតដល់១.៥លានដុល្លារឯណោះនៅពេលធ្វើការលក់ដេញថ្លៃកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក Lucius Elliott ប្រធានផ្នែកលក់ដេញថ្លៃនៅហាង Sotheby បាននិយាយថា គំនិតសិល្បៈបែបទស្សនទាននេះមិនមានលក្ខណៈជាប្រវត្តិសាស្ត្រអ្វីមួយសម្រាប់ការលក់ដេញថ្លៃនោះទេ ប៉ុន្តែមូលហេតុដែលផ្លែចេកមួយផ្លែនេះអាចលក់បានថ្លៃបែបនេះគឺដោយសារវាជាគំនិតសិល្បៈដ៏ចម្លែកមួយដែលអាចទាក់ទាញ និងបង្កការភ្ញាក់ផ្អើលជាសកល។
នៅថ្ងៃលក់ដេញថ្លៃនោះ ហាងនេះក៏បានដាក់តាំងវត្ថុបុរាណ និងផ្ទាំងគំនូរមួយចំនួនទៀតដែលមានតម្លៃរាប់សិបលានដុល្លារផងដែរ។ ជាក់ស្ដែងសិល្បៈរូបស្ត្រីឆ្មាដែលបង្កើតឡើងនៅឆ្នាំ១៩៥១អាចលក់បានតម្លៃប្រហែល៧លានដុល្លារ ហើយផ្ទាំងគំនូររូបស្លឹកនិងផ្កាព្រលិតអាចលក់បានក្នុងតម្លៃ៦០លានដុល្លារ ខណៈដែលរូប La Statuaire អាចលក់ដេញថ្លៃបានក្នុងតម្លៃប្រហែល៣០លានដុល្លារផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន