ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រសួងការពារជាតិកោះតៃវ៉ាន់នៅថ្ងៃចន្ទ(២៥វិច្ឆិកា)នេះ បានរាយការណ៍ថា បាឡុងមួយរបស់ប្រទេសចិន ត្រូវបានប្រទះឃើញហោះក្នុងអាកាសនៅលើដែនទឹកសមុទ្រកោះតៃវ៉ាន់។ នេះជាករណីទី១ក្នុងរយៈពេល៦ខែ ចាប់តាំងពីខែមេសា នៅពេលកោះតៃវ៉ាន់រាយការណ៍ពីវត្តមានបាឡុងចិនហោះលើទឹកដីតៃវ៉ាន់។
ចំពោះបញ្ហាបាឡុងជាហេតុការណ៍ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ មើលឃើញថា ជាចំណែកមួយនៃការរុកគួនរំខានពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង។ តៃវ៉ាន់ ជាដែនកោះមួយត្រូវប្រទេសចិនទាមទារថាជាចំណែកទឹកដីរបស់ខ្លួននោះ, ប៉ុន្តែតៃវ៉ាន់ក៏តែងតែបដិសេធជាប្រចាំ។
ក្រសួងការពារជាតិកោះតៃវ៉ាន់រាយការណ៍នៅពេលព្រឹកពីសកម្មភាពយោធាចិន ឱ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានបាឡុងមួយត្រូវបានប្រទះឃើញនៅម៉ោង៦និង២១នាទីល្ងាច(ម៉ោងក្នុងតំបន់)ថ្ងៃអាទិត្យ, ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រទៅភាគខាងជើងនៃកំពង់ផែ Keelung របស់កោះតៃវ៉ាន់។។ បន្ទាប់មកបាឡុងក៏បាត់ទៅនៅប្រហែល២ម៉ោងក្រោយ។ បាឡុងហោះក្នុងរយៈកំពស់១០គីឡូម៉ែត្រប៉ុន្តែមិនឆ្លងកាត់តៃវ៉ាន់។
ក្រសួងការពារជាតិចិនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
ប្រែសម្រួល៖ណាវ័ន្ត