ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ផ្នែកសន្តិសុខកាលពីថ្ងៃអាទិត្យនៅមុនការតវ៉ារបស់អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក អ៊ីមរ៉ាន ខាន់ (Imran Khan) ដើម្បីទាមទារឱ្យដោះលែងលោក ខាន់ ចេញពីពន្ធនាគារ។
ក្រុមអ្នកគាំទ្រលោក ខាន់ ដឹកនាំដោយសមាជិកគណបក្ស PTI របស់លោកគ្រោងនឹងធ្វើការតវ៉ានៅក្នុងពេលឆាប់ៗនេះដើម្បីទាមទារឱ្យដោះលែងមេដឹកនាំគណបក្សរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារ។ ដើម្បីឆ្លើយតបនឹងផែនការតវ៉ានេះ អាជ្ញាធររដ្ឋធានីអ៊ីស្លាម៉ាម៉ាដបានចាត់វិធានការសន្តិសុខដោយបានដាក់ទូកុងតឺន័រនៅតាមផ្លូវមួយចំនួន ដែលអាជ្ញាធររំពឹងថាអ្នកតវ៉ានឹងឆ្លងកាត់ផ្លូវទាំងនោះឆ្ពោះទៅកាន់កណ្ដាលរដ្ឋធានីនេះដើម្បីប្រមូលផ្តុំគ្នានៅជិតអគារសភា។
ក្រៅពីនេះគេក៏បានឃើញកងកម្លាំងប្រដាប់អាវុធចម្រុះដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ខណៈដែលប្រព័ន្ធសេវាទូរសព្ទចល័តក៏ត្រូវបានផ្អាកដំណើរការមួយរយៈពេលផងដែរ។ មន្ត្រីប៉ូលិសក្រុងអ៊ីស្លាម៉ាបាដបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប្រមូលផ្តុំគ្នាគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្រោមបទប្បញ្ញត្តិផ្លូវច្បាប់។ ពលរដ្ឋម្នាក់និយាយថា ការតវ៉ាជាប្រចាំនេះមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កអស្ថិរភាពដល់ប្រទេសជាតិផងដែរព្រោះពលរដ្ឋភាគច្រើនមិនចង់ឃើញសកម្មភាពបែបនេះកើតឡើងចំពោះប្រទេសរបស់ពួកគេឡើយ ប៉ុន្តែពួកគេចង់ឱ្យថ្នាក់ដឹកនាំសំខាន់ៗអង្គុយចរចាគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ។
រីឯពលរដ្ឋម្នាក់ទៀតនិយាយថា ស្ថានភាពនេះគឺធ្ងន់ធ្ងរណាស់ដែលវាមិនគួរកើតឡើងឡើយព្រោះវានឹងប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចជាតិ។ ដូច្នេះហើយជម្រើសតែមួយគត់គឺគណបក្សទាំងនេះគួរតែប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតវិញម្ដងល្អជាង៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន