ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
គ្រាប់រ៉ុកកែតច្រើនជាង២០០ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ទៅលើតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអាទិត្យ(២៤វិច្ឆិកា) បន្សល់ការខូចខាត និងមនុស្សរងរបួស នៅទីកន្លែងជាច្រើន។ យោងយោធាអ៊ីស្រាអ៊ែល និងទីភ្នាក់ងារសង្គ្រោះបន្ទាន់។
នៅទីក្រុង Petah Tikva ភាគកណ្តាលប្រទេសអ៊ីស្រាអ៊ែល នៅជិតទីក្រុងTel Aviv មានការខូចខាតយ៉ាងធំកើតឡើង ក្រោយរ៉ុកកែត១គ្រាប់ បាញ់ចំលើតំបន់ប្រជាជនរស់នៅ។ ក្រៅពីការខូចខាត នៅទីក្រុងនេះមានមនុស្ស៦នាក់រងរបួស។
នៅទីក្រុងNahariya ភាគខាងជើងប្រទេសអ៊ីស្រាអ៊ែល , មន្ត្រីប៉ូលីស និងក្រុមគ្រូពេទ្យ បានប្រញ៉ាប់ប្រញ៉ាល់ទៅតំបន់ប្រជាជនរស់នៅ ដែលរ៉ុកកែតបាញ់ចំ។
ទីក្រុង Haifa ទីក្រុងធំបំផុតទី៣របស់ប្រទេសអ៊ីស្រាអែល មានមនុស្ស៣នាក់រងរបួសនៅទីតាំងរ៉ុកកែតបាញ់ចំ។
ជម្លោះ បានចាប់ផ្តើមនៅពេលក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់រដ្ឋាភិបាលទីក្រុង Tehran នៅក្នុងតំបន់, បានបើកការបាញ់ប្រហារបង្ហាញពីសាមគ្គីភាពជាមួយក្រុម Hamas ដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន ក្រោយក្រុមហាម៉ាស់បើកការវាយប្រហារលើប្រទេសអ៊ីស្រាអ៊ែលនៅភាគខាងត្បូងនៅថ្ងៃ៧តុលាឆ្នាំ២០២៣។
អ្នកសម្រុះសម្រួលអាមេរិកម្នាក់ បានធ្វើដំណើរទៅប្រទេសលីបង់ និងអ៊ីស្រាអែល នៅសប្តាហ៍នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងបទឈប់បាញ់។ ប្រេសិតអាមេរិកលោក Amos Hochstein បានបង្ហាញពីវឌ្ឍនភាព ក្រោយកិច្ចប្រជុំនៅទីក្រុង Beirut មុនពេលទៅជួបលោកBenjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកIsrael Katz។
ប្រែសម្រួល៖ណាវ័ន្ត