ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ភាពយន្ត “Wicked” ជាប់លេខ១លើ Box Office ជាមួយចំណូល ១៦៤ លានដុល្លារ

២៥ ​វិច្ឆិកា ២០២៤ | កម្សាន្ដ


ភាពយន្តល្ខោនតន្ត្រី “Wicked” បានជាប់លេខ ១ លើតារាងចំណូលភាពយន្ត Box Office អាមេរិកសប្ដាហ៍នេះជាមួយចំណូល ១៥៤ លានដុល្លារ សម្រាប់ការបញ្ចាំងសប្ដាហ៍ដំបូង។

 

 


ភាពយន្តហូលីវូដ២រឿងកំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនទូទាំងពិភពលោក គឺភាពយន្តល្ខោនតន្ត្រី “Wicked” ពីក្រុមហ៊ុន Universal និងភាពយន្តសង្គ្រាមចក្រភពរ៉ូម “Gladiator 2” ពីក្រុមហ៊ុន Paramount។

 

 


សម្រាប់រយៈពេល៣ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅនេះ ភាពយន្ត “Wicked” ដែលរួមសម្ដែងដោយតារាចម្រៀងល្បី Ariana Grande (អារីអាណា ហ្ក្រេនដេ) អាចរកចំណូលនៅសហរដ្ឋអាមេរិកបាន ១១៤ លានដុល្លារ។ ខណៈនៅទីផ្សារអន្តរជាតិអាចរកបាន ៥០ លានដុល្លារទៀត ធ្វើឱ្យចំណូលសប្ដាហ៍បើកឆាករបស់ភាពយន្តមួយនេះឡើងដល់ ១៦៤ លានដុល្លារ។

 

 


ដោយឡែកភាពយន្តសង្គ្រាម “Gladiator 2” អាចរកចំណូលបាន ៥៥ លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងសប្ដាហ៍កន្លងទៅ។ បើទោះជាមិនអាចគ្រងចំណាត់ថ្នាក់កំពូលនៅអាមេរិក ប៉ុន្តែភាពយន្តនេះកំពុងរកចំណូលបានច្រើនក្រាស់ក្រែលពីទីផ្សារអន្តរជាតិ ពោលគឺចំនួន ១៦៥ លានដុល្លារ ធ្វើឱ្យចំណូលសរុបទូទាំងពិភពលោកឡើងដល់ ២២១ លានដុល្លារ។

 

 


ចំណាត់ថ្នាក់លេខ៣ បានទៅលើភាពយន្តបេសកកម្មសង្គ្រោះតាណូអែល “Red One” របស់តារាសម្ដែង The Rock ដែលអាចរកចំណូលបាន ១៣ លានដុល្លារទៀតពីការបញ្ចាំងនៅអាមេរិកកាលពីសប្ដាហ៍មុន ខណៈចំណូលទូទាំងពិភពលោកកើនដល់ ១១៧ លានដុល្លារក្រោយបញ្ចាំង ៣ សប្ដាហ៍។

 

 


នៅសប្ដាហ៍ក្រោយ ភាពយន្តធំមួយទៀតគឺ “Moana 2” ពីក្រុមហ៊ុន Disney នឹងចាប់ផ្ដើមចេញបញ្ចាំង ដែលគេរំពឹងថាភាពយន្តទាំង ៣ រួមមាន “Moana 2” ភាពយន្ត “Wicked” និង “Gladiator 2” នឹងធ្វើឱ្យពិធីបុណ្យ Thanksgiving ឆ្នាំនេះនឹងអាចបំបែកកំណត់ត្រាចំណូលភាពយន្តខ្ពស់បំផុតនៅអាមេរិក ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024