ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ត្រឹមមួយសប្ដាហ៍ អាល់ប៊ុមថ្មី ATEEZ លក់ដាច់ជាង ១,៤ លានច្បាប់

២២ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

រយៈពេលត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ អាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងខេប៉ុប ATEEZ អាចលក់ដាច់បានជាងមួយលានបួនសែនច្បាប់ បង្ហាញពីភាពជោគជ័យមិនស្រកស្រុតនិងកាន់តែខ្លាំងថែមទៀតរបស់ពួកគេ។

 

 

អាល់ប៊ុមខ្នាតតូចទី១១ របស់ក្រុមចម្រៀង ATEEZ (អេធីស) មានចំណងជើងថា “'Golden Hour: Part 2” បានបិទបញ្ចប់ការលក់សប្ដាហ៍ដំបូងជាមួយតួលេខគួរឱ្យចាប់អារម្មណ៍ គឺរហូតដល់ជាងមួយលានបួនសែនច្បាប់។

 

 

ទើបចេញផ្សាយកាលពីសប្តាហ៍មុននៅថ្ងៃទី ១៥ ខែវិច្ឆិកា អាល់ប៊ុម 'Golden Hour : Part. 2' ឥឡូវនេះបានក្លាយជាអាល់ប៊ុមទី ៥ របស់ក្រុមចម្រៀងប្រុសមួយនេះដែលអាចលក់បានលើស ១លានច្បាប់។

 

 

បង្ហាញខ្លួនដំបូងក្នុងខែតុលា ឆ្នាំ ២០១៨ ក្រោមស្លាកផលិតកម្ម KQ Entertainment ក្រុមចម្រៀង ATEEZ មាន​សមាជិក​ប្រាំបី​រូបរួម​មាន Hongjoong (ហុងជូង), Seonghwa (សងហ្វា), Yunho (យុនហូ), Yeosang (យ៉ូសាង), San (សាន), Mingi (មីងជិ), Wooyoung (វូយ៉ុង) និង Jongho (ចុងហូ)។

 

 

អាល់ប៊ុម “'Golden Hour: Part 2” គឺជាការវិលត្រលប់មកឆាកតន្ត្រីលើកដំបូងរបស់ពួកគេក្នុងរយៈពេល ៦ ខែបន្ទាប់ពីអាល់ប៊ុមទី១០ មានចំណងជើងថា 'Golden Hour : Part. 1' បានចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយអាចសម្រេចការលក់នៅសប្តាហ៍ដំបូងចំនួនមួយលានប្រាំសែនច្បាប់នៅពេលនោះ។

 

 

សម្រាប់អាល់ប៊ុមថ្មី 'Golden Hour : Part. 2'  រួមមានបទចម្រៀងសរុបចំនួន ៦ បទ ដោយមានបទ “Ice On My Teeth” ជាបទសំខាន់ និងត្រូវបានចេញជា MV ដែលអាចទទួលបានការចូលទស្សនារហូតដល់ ២៥ លានដងលើយូធូបក្នុងរយៈពេលមួយសប្ដាហ៍កន្លងមក។ ក្នុងចំណោមបទចម្រៀងទាំង ៦ បទ គឺមានបទចម្រៀង ៥ បទជាស្នាដៃនិពន្ធរបស់សមាជិក Mingi និង Hongjoong ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024