ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ប្រជាជនបូលីវីមួយចំនួនបានតុបតែងក្បាលខ្មោចរបស់មនុស្សជាទីស្រឡាញ់តាមប្រពៃណីក្នុងជំនឿថាសកម្មភាពនេះនឹងមកនូវសំណាងល្អ និងការតាមជួយថែរក្សាពីអ្នកស្លាប់។
ប្រជាពលរដ្ឋបូលីវីមួយចំនួនបានប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ចម្លែកមួយគឺការតុបតែងក្បាលខ្មោចរបស់សាច់ញាតិជាទីស្រឡាញ់របស់ពួកគេនៅក្នុងពិធីបុណ្យក្បាលខ្មោច (Natitas) ដោយពួកគេជឿថា ការធ្វើបែបនេះព្រលឹងអ្នកស្លាប់នឹងតាមជួយថែរក្សាការពារអ្នកនៅរស់ឱ្យមានសេចក្ដីសុខ និងមានសំណាងល្អ។
ពិធីបុណ្យក្បាលខ្មោចដែលគេបានថែរក្សា និងបន្តប្រារព្ធជាច្រើនឆ្នាំមកហើយនេះត្រូវបានគេជឿថាមានឫសគល់នៅក្នុងទំនៀមទម្លាប់ជនជាតិភាគតិច Uru Chipaya នៅប្រទេសបូលីវីដែលពួកគេមានជំនឿក្នុងការជីកកាយសាកសពរបស់មនុស្សជាទីស្រលាញ់នៅខួបមួយឆ្នាំនៃការស្លាប់របស់ពួកគេ។
ពលរដ្ឋម្នាក់ឈ្មោះ Cipriano បាននិយាយថា គាត់បានធ្វើពិធីបុណ្យ Natitas រយៈពេល 25 ឆ្នាំមកហើយ ។ នេះគឺជាពិធីបុណ្យផ្នែកព្រលឹង។ ប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ទីបញ្ចុះសពនៅទីក្រុង La Paz ប្រទេសបូលីវីកាលពីថ្ងៃទី8 ខែវិច្ឆិកាដើម្បីតុបតែងក្បាលខ្មោចសាច់ញាតិរបស់ពួកគេ និងចាក់តន្ត្រីឱ្យអ្នកស្លាប់បានស្ដាប់ និងចែករំលែកពេលវេលាខ្លះនៅជាមួយនឹងព្រលឹងខ្មោចទៀតផង។ ការធ្វើបែបនេះពួកគេជឿថា ព្រលឹងរបស់អ្នកស្លាប់នឹងតាមជួយថែរក្សាការពារអ្នកនៅមានជីវិត។
ពលរដ្ឋម្នាក់ទៀតឈ្មោះ Teresa Paz បាននិយាយថា សាច់ញាតិរបស់គាត់ឈ្មោះ Panchito បានស្លាប់ជាយូរឆ្នាំមកហើយ។ ដោយហេតុតែគាត់នឹកស្រឡាញ់លោក Panchito ខ្លាំងពេកដូច្នេះហើយគាត់ក៏បានតុបតែងក្បាលខ្មោចរបស់លោក Panchito ដោយសង្ឃឹមថា ព្រលឹងរបស់លោកនឹងតាមរក្សាសាច់ញាតិដែលនៅរស់ និងតាមជួយថែរក្សាការពារ Teresa Paz ពីគ្រោះថ្នាក់គ្រប់បែបយ៉ាងផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន