ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ភាពយន្តគំនូរជីវចលខ្នាតធំប្រចាំឆ្នាំមួយទៀតពីក្រុមហ៊ុន Disney គឺ “Moana 2” បានរៀបចំពិធីសម្ពោធបញ្ចាំងនៅទីក្រុងឡុងដ៍ ដោយមានវត្តមានចូលរួមដោយតារាល្បីៗដែលជាអ្នកបញ្ចូលសំឡេងដូចជា The Rock ជាដើម។
វគ្គបន្តពីភាពយន្តគំនូរជីវចលដ៏ល្បី “Moana” (ម៉ូអាណា) ដែលអាចរកចំណូលជុំវិញពិភពលោកបានរហូតដល់ ៦៨៧ លានដុល្លារកាលពីឆ្នាំ២០១៦ នឹងចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកានេះ ដោយមានការវិលត្រលប់របស់តារាសម្ដែងស្រី Auli’i Cravalho (អូលីអ៊ី ក្រាវ៉ាល្យ៉ូ) និងតារាប្រុស The Rock មកបញ្ចូលសំឡេងតួអង្គឯកទាំង២។
ក្នុងកម្មវិធីសម្ពោធបញ្ចាំងពិសេសនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ តារាសាច់ដុំ The Rock បាននិយាយថា ការត្រលប់មកចូលរួមភាពយន្ត “Moana” វគ្គថ្មីគឺជារឿងដ៏អស្ចារ្យសម្រាប់លោក ខណៈរឿងនេះគឺជាកម្លាំងជំរុញទឹកចិត្ត និងការផ្ដល់អំណាចមួយសម្រាប់ក្មេងស្រីស្បែកខ្មៅ សូម្បីតែកូនស្រីរបស់លោកក៏ទទួលបានថាមពលវិជ្ជមានយ៉ាងច្រើនពីភាពយន្តនេះដែរ។
សហការដឹកនាំដោយផលិតករ៣រូបរួមមាន David Derrick Jr., Jason Hand និង Dana Ledoux Miller ភាពយន្ត “Moana” វគ្គ២នឹងរៀបរាប់ពីសាច់រឿងដែលកើតឡើងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ក្នុងវគ្គ១ នៅពេលដែល Moana ត្រូវធ្វើដំណើរផ្សងព្រេងតាមសមុទ្រជាថ្មីដើម្បីទប់ស្កាត់បណ្ដាសាមកលើប្រជាជននៅលើកោះ។
គួររំឭកថា ភាពយន្ត “Moana” វគ្គមួយ មិនត្រឹមតែជោគជ័យខ្លាំងលើតារាង Box Office ឬការលក់សំបុត្រកុនប៉ុណ្ណោះទេ ប៉ុន្តែកាលពីឆ្នាំ២០២៣ ភាពយន្តនេះនៅតែទទួលបានការគាំទ្រខ្លាំងដោយបានក្លាយជាភាពយន្តដែលមានអ្នកចូលទស្សនាច្រើនបំផុតនៅលើ Platform អនឡាញទាំងអស់ ៕
ប្រែសម្រួល៖ វ៉ាន់ថន