ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
ការត្រលប់មកសម្ដែងលើឆាក MAMA របស់តារាចម្រៀង G-Dragon បានបង្កការចាប់អារម្មណ៍ខ្លាំងក្នុងចំណោមអ្នកគាំទ្រខេប៉ុប ហើយចុងក្រោយនេះការទម្លាយពីតម្លៃសម្លៀកបំពាក់និងគ្រឿងអលង្ការមួយតួខ្លួនរបស់លោកគឺរឹតតែធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗ។
ឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកអមដោយគ្រឿងអលង្ការភ្លឺផ្លេកស្រោចខ្លួនរបស់តារារ៉េប G-Dragon លើកឆាកពានរង្វាន់ MAMA ត្រូវបានគេរាយការណ៍មានតម្លៃសរុប ៩ ពាន់លានវ៉ុន ឬប្រមាណ ៦លាន៤សែនដុល្លារអាមេរិក។
ក្នុងការសម្ដែងរយៈពេល ១៤នាទីដែលលោកបានច្រៀងបទចម្រៀងទោលរបស់ខ្លួនចំនួនពីរបទ មុនពេលចូលរួមជាមួយមិត្តរួមក្រុមគឺ Taeyang និង Daesung, G-Dragon បានស្លៀកឈុតពណ៌ផ្កាឈូកច្នៃម៉ូដដូចជាឯកសណ្ឋានយោធា និងមួកបែបមកុដពណ៌ផ្កាឈូក ខណៈសក់របស់លោកលាបពណ៌ផ្កាឈូកដូចគ្នា។
សម្លៀកបំពាក់មួយឈុតនេះត្រូវបានច្នៃឡើងដោយម៉ាកយីហោប្រណិត Blackkong (ប្លេកខង) ដោយមានការដេរភ្ជាប់ជាមួយគុជខ្យង ៣០០ គ្រាប់ ខណៈមកុដត្រូវបានច្នៃឡើងដោយអ្នករចនាម៉ូដ Kowgi (ខូគី) ដែលត្រូវបានគេស្គាល់ថាជាអ្នករចនាម៉ូដឱ្យតារា K-pop ល្បីៗជាច្រើនដូចជា aespa, IVE, IU និង Blackpink។
ជាមួយគ្នានោះ កាបូបតូចស្រោបដោយគុជគ្រីស្តាល់ពីម៉ាក Chanel ដែលលោកស្ពាយពីមុខនោះគឺមានតម្លៃប្រហែល ៦៤០០ ដុល្លារ។បន្ថែមលើភាពទំនើបនៃសម្លៀកបំពាក់ គឺកន្លាស់អាវពីប្រេន Jacob & Co ដែលធ្វើឡើងពីមាស ស 18K មានត្បូងពេជ្រពណ៌ស ៩ ការ៉ាត់ និងត្បូងកណ្តៀងលឿង ២ ការ៉ាត់។
កន្លាស់អាវនេះធ្លាប់ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃប្រមាណ ១ សែនដុល្លារ។ ទោះយ៉ាងណា គ្រឿងអលង្ការលេចធ្លោជាងគេគឺចិញ្ចៀនត្បូងមរកត ៣៣ ការ៉ាត់ ដែលមានតម្លៃប្រហែល ៦ លាន២សែនដុល្លារបាត់ទៅហើយ ៕
ប្រែសម្រួល៖ វ៉ាន់ថន