ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

បារាំងគ្រោងដាក់លក់ដេញថ្លៃផ្ទាំងគំនូររបស់កវីកំណាព្យកាលពីសតវត្សទី១៩នៅទីក្រុងប៉ារីស

០២ ធ្នូ ២០២៤ | កម្សាន្ដ

រូបគំនូរកវីកំណាព្យជនជាតិបារាំងឈ្មោះអាតតឺ.រីមបូ (Arthur Rimbaud) ដែលគូរដោយមិត្តសម្លាញ់របស់គាត់ជាកវីកំណាព្យដូចគ្នាឈ្មោះប៉ូល.វែឡែន (Paul Verlaine) នឹងត្រូវគេយកទៅដាក់លក់ដេញថ្លៃនៅទីក្រុងប៉ារីសនៅដើមខែធ្នូ។

 


នេះជារូបគំនូរដើមដែលពុំធ្លាប់ដាក់តាំងពិព័រណ៍ម្ដងណាទេ។ មានន័យថាគំនូរដាក់តាំងពីមុនជារូបគំនូរអាយតែប៉ុណ្ណោះ។ គំនូរដែលពិពណ៌នាអំពីរូបកវីកំណាព្យរីមបូកំពុងជក់ខ្សៀ១ផ្ទាំងនេះស្ថិតនៅក្នុងចំណោមរូបគំនូរល្បីៗបំផុតរបស់កវីរូបនេះកាលពីអំឡុងសតវត្សទី១៩។

 

 

រូបនេះត្រូវបានលោកវែឡែនជ្រើសរើសយកទៅដាក់នៅលើក្របមុខនៃសៀវភៅប្រជុំស្នាដៃកំណាព្យរបស់គាត់។ ប៉ុន្តែស្នាដៃដើមដំបូងរបស់គាត់មិនដែលបានបង្ហាញជាសាធារណៈសូម្បីតែម្ដង។

 

 

អ្នកជំនាញម្នាក់មកពីក្រុមហ៊ុនដាក់លក់ដេញថ្លៃខាងលើនេះប្រាប់ថានេះជាលើកដំបូងនៅក្នុងរយៈពេល១៣០ឆ្នាំចុងក្រោយនេះដែលយើងអាចមើលឃើញស្នាដៃនោះដោយផ្ទាល់ភ្នែក។

 

 

ផ្ទាំងគំនូរនេះជាកម្មសិទ្ធិរបស់អតីតអ្នកចាត់ការមូលនិធិក្លូតម៉ូណេ (Claude Monnet) និងដាក់ព្យួរនៅលើជញ្ជាំងការិយាល័យធ្វើការរបស់គាត់នៅខាងក្រៅទីក្រុងប៉ារីស។ គេប៉ាន់ស្មានថារូបគំនូរនេះអាចនឹងលក់បានចន្លោះពី១សែនទៅ២សែនអឺរ៉ូ ។ រូបគំនូរនេះដាក់ថាគូរនៅឆ្នាំ១៨៧២។

 

 

ប៉ុន្តែបើតាមអ្វីដែលគេបានដឹងលោកវែឡែនគូររូបនេះក្រោយរយៈពេលនោះ។ កវីកំណាព្យដ៏ល្បីល្បាញរបស់បារាំងទាំង២រូបនេះបានជួបគ្នាកាលពីឆ្នាំ១៨៧១ និងមានរឿងស្នេហាដ៏ចម្រូងចម្រាសជាមួយគ្នា។ មានន័យថាពួកគាត់ស្រឡាញ់ភេទដូចគ្នា។ មានពេល១នោះ វែឡែនចង់បាញ់សម្លាប់រីមបូ។ កាំភ្លើងខ្លី១ដើមនោះត្រូវគេយកទៅដាក់លក់ដេញថ្លៃកាលពីឆ្នាំ២០១៦បានជាង៤សែនអឺរ៉ូ៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024