ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

ប្រទេសប៉េរូរៀបចំពិធីលើកស្ទួយការចិញ្ចឹមឃ្មុំក្នុងស្រុក និងមានពិធីសម្ដែងជូនទស្សនិកជនកម្សាន្ត

០២ ធ្នូ ២០២៤ | កម្សាន្ដ

ជនជាតិប៉េរូឈ្មោះដានី.សាន់ឆេស.ស៊ូគ្លូពី (Dany Sanchez Suclupe) ជាអ្នកចិញ្ចឹមឃ្មុំ។ គាត់សុខចិត្តប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតនៅពេលនាងត្រូវរុំព័ទ្ធយ៉ាងជុំជិតដោយសត្វឃ្មុំ៤ម៉ឺនក្បាល។

 


ស្ត្រីខាងលើនេះបានចូលរួមនៅក្នុងពិធីបុណ្យលើកស្ទួយការចិញ្ចឹមឃ្មុំដែលរៀបចំឡើងកាលពីថ្ងៃសៅរ៍។ នារីដែលគេប្រសិទ្ធនាមថាជារាជិនីឃ្មុំបានពាក់មួក និងឧបករណ៍ការពារផ្នែកដងខ្លួនខាងមុខ ក និងផ្ទៃមុខរបស់គាត់។

 

 

ប្រិយមិត្តនៅទីនោះបានចូលរួមទស្សនាពិធីសម្ដែងនេះដោយចិត្តរំភើប។ អ្នកខ្លះថតរូប និងអ្នកខ្លះឈរថតក្បែរនារីសាន់ឆេស។ ស្ត្រីរូបនេះបានចែករំលែកសេចក្ដីអំណររបស់គាត់នៅក្នុងឱកាសនោះ និងចាត់ទុកថានេះជាទំនៀមទម្លាប់ដែលបន្សល់ទុកតាំងពីជីតារហូតដល់ប៉ាម៉ាក់របស់អ្នកស្រីនាង។ ប៉ារបស់អ្នកស្រីត្រូវគេប្រសិទ្ធនាមថាជាស្ដេចឃ្មុំ។

 

 

ដោយសាររូបគាត់នេះហើយដែលអ្នកស្រីអាចរៀនសូត្រពីរបៀបសម្ដែងនេះតាំងពីនៅតូចៗ។ កាលពីពេលរៀបចំពិធីប្រកួតយកតំណែងជារាជិនីឃ្មុំឆ្នាំ២០១៣ ស្ត្រីរូបនេះទទួលបានចំណាត់ថ្នាក់លេខ១។

 

 

អ្នកស្រីប្រាប់ថាអ្នកស្រីមិនភ័យខ្លាចនឹងសត្វឃ្មុំទេ ហើយអ្នកស្រីមានចិត្តសប្បាយរីករាយក្នុងការសម្ដែងពិធីនេះ។ អភិបាលក្រុងអ៊ីលីម៉ូ (Illimo) បញ្ជាក់ថាអ្នកដែលចូលរួមនៅក្នុងពិធីសម្ដែងនេះសុទ្ធតែបានឆ្លងកាត់ការហ្វឹកហាត់ និងមាននិស្ស័យជាអ្នកចិញ្ចឹមឃ្មុំតាំងពីកំណើត។

 

 

លោកចាត់ទុកថានេះជាចំណុចដ៏ទាក់ទាញ១ទាំងសម្រាប់ប្រជាជនរបស់យើងទាំងអស់ និងអ្នកដែលអញ្ជើញមកទស្សនានៅទីនេះ។ រាជិនីឃ្មុំដែលសម្ដែងដោយអ្នកស្រីសាន់ឆេសនេះជាចំណុចគួរឲ្យចាប់អារម្មណ៍នៅក្នុងពិធីបុណ្យលើកកម្ពស់ការចិញ្ចឹមឃ្មុំនៅទីក្រុងអ៊ីលីម៉ូដែលតែងតែរៀបចំឡើងចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ។ ពិធីនេះមានគោលដៅលើកកម្ពស់ការចិញ្ចឹមឃ្មុំក្នុងស្រុក៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024