ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

ជនជាតិអាល្លឺម៉ង់២នាក់បំបែកកំណត់ត្រាពិភពលោកខាងដើរខ្សែពួរនៅលើអាកាសខ្ពស់បំផុត

០២ ធ្នូ ២០២៤ | កម្សាន្ដ

អ្នកដើរលើខ្សែពួរជនជាតិអាល្លឺម៉ង់ឈ្មោះហ្វ្រ៊ីឌី.ឃូណឺ (Friedi Kuehne) និងលូកាស់.អ៊ីមឡឺ (Lukas Irmler) បានបំបែកកំណត់ត្រាពិភពលោកកាលពីថ្ងៃទី៩ ខែវិច្ឆិកាដោយដើរនៅលើខ្សែពួរនៅលើមេឃកម្ពស់២,៥គីឡូម៉ែត្រ។

 


អត្តពលិកទាំង២រូបបានឡើងឈរនៅលើខ្សែពួរដែលលាតសន្ធឹងយ៉ាងតឹងផ្អឺសរវាងបាឡុងប្រើខ្យល់ក្ដៅចំនួ២បណ្ដែតខ្លួននៅលើដុំពពកដ៏ក្រាស់ឃ្មឹក។ អ្នកទាំង២បានអបអរសាទរយ៉ាងកងរំពងបន្ទាប់ពីបានឆ្លងកាត់ពីបាឡុង១ទៅបាឡុង១ទៀតដោយដើរនៅលើខ្សែពួរ។

 

 

ពួកគេជួបជុំជាមួយក្រុមអ្នកគាំទ្រ និងក្រុមការងារដែលរង់ចាំនៅជ្រុងម្ខាងទៀតនៃខ្សែពួរ។ សារព័ត៌មានផ្សាយថាអ្នកដើរលើខ្សែពួរទាំង២នេះអាចបំបែកកំណត់ត្រាចាស់ដែលមានរយៈកម្ពស់១៩០០ម៉ែត្រនៅប្រទេសប្រេស៊ីលកាលពីឆ្នាំ២០២១។

 

 

កាលពីឆ្នាំ២០១៩អ៊ីមឡឺបានបង្កការភ្ញាក់ផ្អើលនៅលើទំព័រសារព័ត៌មាននៅពេលគាត់បំបែកកំណត់ត្រាពិភពលោកខាងដើរលើខ្សែពួរដ៏វែងបំផុតនៅលើពិភពលោកប្រវែង២គីឡូម៉ែត្រ។

 

 

ចំណែកឃូណឺទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងសៀវភៅកំណត់ត្រាប្លែកៗបន្ទាប់ពីគាត់ដើរលើខ្សែពួរចម្ងាយ១១០ម៉ែត្រកាលពីឆ្នាំ២០១៧នៅរយៈកម្ពស់២៥០ម៉ែត្រ។សមាគមដើរលើខ្សែពួរអន្តរជាតិយល់ថាការបំបែកកំណត់ត្រាលើកនេះនឹងជួយជំរុញឲ្យការដើរខ្សែពួរឈានដល់កម្រិតកាន់តែខ្ពស់ឡើងៗបន្ថែមទៀត។ អត្តពលិកប្រឈមនឹងបញ្ហាខ្លះៗនៅពេលបំបែកកំណត់ត្រានេះ។

 

 

ពេលខ្លះកំពុងដើរនៅលើខ្សែពួរសុខៗមានខ្យល់បក់ខ្លាំង។ ម៉្យាងទៀត ពួកគេត្រូវតែរក្សាលំនឹងឲ្យបានល្អនៅក្នុងអាកាសដ៏ខ្ពស់បែបនេះ។ ការដើរលើខ្សែពួរដែលចងភ្ជាប់រវាងបាឡុង២នៅលើអាកាសបែបនេះក្រៅពីបង្កើតផ្ទាំងទស្សនីយភាពដ៏គួរឲ្យចង់ទស្សនាហើយ វាក៏ជាការផ្សងនឹងគ្រោះថ្នាក់ផងដែរ៕

 

 

ប្រែសម្រួល៖ អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024