ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

បុរសជនជាតិភាគតិចឆៀង (Qiang) ហ៊ានប្រថុយស្លាប់ដើរនៅលើផ្លែដាវដើម្បីប្រារព្ធវប្បធម៌របស់ខ្លួន

១៩ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 


សិល្បករជនជាតិចិនដែលជាអម្បូរជនជាតិភាគតិចឆៀង (Qiang) បានសម្ដែងពិធីដ៏គ្រោះថ្នាក់ដល់អាយុជីវិត និងជាពិធីប្រពៃណីដែលមានអាយុកាលរាប់សតវត្សមកហើយ។ គាត់បានដើរនៅលើមុខដាវដ៏ធំ១នៅទីក្រុងណាននីង (Nanning) កាលពីថ្ងៃអង្គារ។ តាមរយៈរូបភាពនោះ គេឃើញថាលោកវ៉ាងយ៉ាង (Wang Yang) សម្ដែងពិធីសូមសេចក្ដីសុខ និងសំណាងល្អ។ ពេលនោះ គាត់បានអុជធូប និងបាចគ្រាប់ឈើទៅលើកន្លែងរៀបចំពិធី។ ១សន្ទុះក្រោយមក គេឃើញគាត់សម្ដែងពិធីរំារែកដើរជើងទទេនៅលើផ្លែដាវដ៏ធំដោយទប់ជំហរខ្លួនឲ្យនឹង។

 

 

 

គាត់ប្រាប់ថាមុននឹងសម្ដែងពិធីនេះ យើងត្រូវតែរៀបចំពិធីបួងសួងជាមុនសិន។ គាត់ត្រូវគ្រងឈុតសំលៀកបំពាក់តាមបែបជនជាតិភាគតិចឆៀង រួចដើរក្រឡឹងជុំវិញផ្លែកាំបិតដ៏ធំ១ និងដើរទៅវេទិកាដើម្បីរៀបចំពិធី។ គាត់នឹងបាចគ្រាប់ធញ្ញជាតិនានា បួងសួងសូមឲ្យគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផងទាំងពួងជៀសឲ្យឆ្ងាយ ហើយសូមឲ្យកូនចៅជួបតែសុខសុវត្ថិភាព និងទទួលបានអាកាសធាតុល្អ។

 

 

លោកវ៉ាងប្រាប់ថាដាវដ៏ធំនេះមានទម្ងន់សរុប២តោន ប្រវែង១៥ម៉ែត្រ និងកម្ពស់៥ម៉ែត្រ។ អ្នកដែលសម្ដែងនៅក្នុងពិធីនេះត្រូវតែដើរដោយជើងទទេនៅលើផ្លែដាវដ៏មុតស្រួច ហើយទន្ទឹមនឹងនោះត្រូវតែសម្ដែងក្បាច់ពិបាកៗដូចជា៖ ឥន្ទ្រីត្រដាងស្លាប ត្រចៀកកាំជ្រែកសមុទ្រ ឈរជើងមួយ បុរសហោះជ្រែកអាកាស។

 

 

ពិធីដើរនៅលើដាវត្រូវគេចាត់ទុកជាមត៌កវប្បធម៌អរូបីរបស់ជនជាតិភាគតិចឆៀង។ យោងតាមការតំណាលនៅក្នុងរឿងព្រេង ពិធីនេះមានប្រវត្តិចេញពីភាគពាយព្យខេត្តស៊ីឈាន់ (Sichuan)។ នៅទីនោះ ជនជាតិភាគតិចសម័យបុរាណបានដោតផ្លែដាវដ៏ធំ១នៅពីមុខច្រកទ្វារចូលទីក្រុង និងសម្ដែងពិធីបណ្ដេញពួកឈ្លានពាន៕

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024