ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

បវរកញ្ញាភពផែនដីអន្តរជាតិលើកទី៤ នឹងរៀបចំឡើងនៅ កម្ពុជា ក្នុងខែវិច្ឆិកានេះមានបេក្ខភាព ៦៨ប្រទេសមកពីជុំវិញពិភពលោកចូលរួម ! 

០៨ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

 

កញ្ញា ដេត ស្រីនាថ បានត្រៀមខ្លួនរាល់ហើយដើម្បីដណ្តើមមកុដ Miss Planet International ២០២៤ នឹងរៀបឡើងក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលមានបេក្ខភាពទាំង ៦៨ ប្រទេសមកពីជុំវិញពិភពលោក ។ កម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Planet International នឹងរៀបចំឡើងជាថ្មីម្ដងទៀតនៅក្នុងប្រទេស កម្ពុជា ដោយមានការចូលរួមពីបេក្ខភាពជុំវិញពិភពលោកប្រមាណ ៦៨ ប្រទេស ។

 

 

ជាមួយនិងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជា មានកម្មវិធីពិសេសៗជាច្រើនដើម្បីស្វាគមន៍បេក្ខភាពទាំងអស់ ។ សម្រាប់កញ្ញា ដេត ស្រីនាថ ដែលជាបេក្ខភាពតំណាង កម្ពុជា ដើម្បីត្រៀមខ្លួនដណ្តើមមកុដនៅក្នុងឆ្នាំនេះ បានត្រៀមខ្លួនរួចរាល់ហើយ ។ បវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International គឺជាកម្មវិធីមួយដែលបង្កើតឡើងដោយស្ថាបនិកជនជាតិ ខ្មែរ ។

 

 

បេសកកម្មក្នុងការបង្កើតកម្មវិធីប្រលងមួយនេះឡើង គឺក្នុងគោលបំណងជ្រើសរើសឯកអគ្គរាជទូតមកពីប្រទេសនីមួយៗដែលចូលរួម ផ្តោតលើការ លើកកម្ពស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាក់ស្តែងបវរកញ្ញាភពផែនដីអន្តរជាតិ ធ្លាប់បានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាបានចំនួន៣ដងរួចមកហើយ ។ នេះជាលើកទី៤ ហើយដែល កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដ៏អស្ចារ្យនេះ ។ កញ្ញា ដេត ស្រីនាថ គឺជាបេក្ខភាពមួយរូបដែលតំណាង កម្ពុជា ចូលរួមដណ្តើមមកុដ Miss Planet International 2024 នេះ ។ 

 


នៅក្នុងសន្នីសីទសារព័ត៌មានបង្ហាញពីកាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ លោកជំទាវ ឆៃ ស៊ីវលីន តំណាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិនេះពិតជាមានសារៈសំខាន់ណាស់ ដែលអាចជួយដល់វិស័យទេចរណ៍ ខ្មែរ យើង ។ 

 


ដោយឡែកលោកស្រី Halley Amin ដែលជាអ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់ថា ទំរាំតែមានតែ Miss Planet International ដើរមកដល់ផ្លូវនេះគឺជួបនូវការលំបាកជាច្រើន ប៉ុន្តែទោះជាយ៉ាងណាយើងបានគៀងគរឱ្យបណ្តាប្រទេសជុំវិញពិភពលោកជាច្រើនឱ្យមកចូលរួមប្រកួតក្នុងកម្មវិធីនេះប្រកបដោយជោគជ័យ ។ 

 

 

គួរបញ្ជាក់ផងដែរថា កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International មានការទទួលស្គាល់ពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីនៃអគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ។ ការទទួលស្គាល់ទាំងអស់ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការទាំងអស់ និងដឹកនាំ តាំងពីជំហ៊ានដំបូងរបស់បវរកញ្ញាភពផែនដី អន្តរជាតិដែលមកពីប្រទេសនានា មកដល់ប្រទេសកម្ពុជាដើម្បី ទស្សនៈកិច្ច ទីក្រុងភ្នំពេញ ប្រាសាទអង្គរវត្តក្រុងសៀមរាប រហូតដល់បញ្ចប់ការប្រកួតឆាកអន្តរជាតិ Miss Planet International 2024 ។

 

 

 បវរកញ្ញាភពផែនដីអន្តរជាតិដែលជាម្ចាស់ជ័យលាភី នឹងក្លាយជាឯកអគ្គរាជទូត (BA) គោលដៅចម្បង គឺដើម្បីលើកកម្ពស់ប្រទេស កម្ពុជា ជាប្រទេសគោលដៅទេសចរណ៍កំពូល ដែលនឹងជួយជំរុញទេសចរណ៍ ចំណូលសេដ្ឋកិច្ច បង្កើតការងារ គាំទ្រអាជីវកម្មក្នុងស្រុក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា និងបង្កើតឱ្យមានការផ្លាស់ប្តូរវប្បធម៌រវាង ជនបរទេស និងប្រជាពលរដ្ឋ ។សម្រាប់បេក្ខភាពទាំង ៦៨ ប្រទេសដែលត្រៀមនឹងមកចូលរួម Miss Planet International នឹងមកដល់ប្រទេស កម្ពុជា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា នេះ ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ មុននឹងឈានដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024