ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ កំពុងត្រៀមធ្វើដំណើរទៅកាន់ខេត្ត-ក្រុងមួយចំនួនជុំវិញប្រទេសកម្ពុជា ដើម្បីបញ្ចាំងភាពយន្តចិនដ៏មានគុណភាពជូនដល់ពុកម៉ែបងប្អូនបានទស្សនាដោយផ្ទាល់ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨» បានឈានមកដល់ហើយ ដោយពិធីបើកត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ម្សិលមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងថ្នាក់ដឹកនាំស្ថានទូតចិត្តប្រចាំនៅ កម្ពុជា។
តាមរយៈខ្សែភាពយន្តទាំងនេះ ប្រជាជន កម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្រ្ត និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។ នេះបើយោងតាមការថ្លែងរបស់ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំ ក្នុងពិធីបើកព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨» កាលពីម្សិលមិញ។
លោក ចេន ឆន (Chen Cong) អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ភាពយន្តជាទម្រង់សិល្បៈដ៏មានប្រជាប្រិយភាពខ្លាំងសម្រាប់ប្រជាជនចិន និងកម្ពុជា និងជាខ្លឹមសារនៃការផ្លាស់ប្តូរប្ររជាជន និងប្រជាជនរវាងប្រទេសយើងទាំងពីរ។ ហើយភាពយន្តចល័ត ជាមធ្យោបានដ៏សំខាន់ដែលបានបញ្ជូនភាពយន្តទៅក្បែរមហាជននៅតំបន់មូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០១៦មក ក្រោមការខិតខំរួមគ្នានៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សកម្មភាពប្រយោជន៍សាធារណៈភាពយន្តចល័ត បានធ្វើឡើងដោយជោគជ័យអស់រយៈពេល ៧លើកហើយ ដែលបានទៅដល់ខេត្ត-ក្រុងចំនួន ២៥របស់កម្ពុជា បានចូលទៅក្នុងភូមិឃុំតូចៗសាលារៀន និងបន្ទាយយោធា ប្រជាជនខ្មែរលើសពីមួយសែននាក់បានទស្សនាភាពយន្តឆ្នើមរបស់ចិន និងកម្ពុជាដោយឥតគិតថ្លៃ ដែលបានដើរតួនាទីសំខាន់ក្នុងការបន្ថែមជីវភាពវប្បធម៌នៅតំបន់មូលដ្ឋានកម្ពុជា និងបានបង្កើនការយល់ដឹងនិងរាប់អានគ្នារវាងប្រជាជនចិននិងកម្ពុជា។
សូមជម្រាបថា ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ នឹងធ្វើការចាក់បញ្ចាំងភាពយន្តនៅតាមទីតាំងមួយចំនួនក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ពុកបងប្អូននៅតាមតំបន់ជិតៗនោះអាចចូលរួមទស្សនាបានដោយស៊េរី ដើម្បីបានទស្សនាភាពយន្តចិនដ៏មានគុណភាព និងបានទទួលបទពិសោធណ៍ការទស្សនាភាពយន្តដោយផ្ទាល់ផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច