ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
បវរកញ្ញាក្មេងៗជាច្រើនបានមហិច្ឆិតា និងក្តីស្រមៃធំចង់ក្លាយជាទំពាំងស្នងឬស្សីដ៏មានគុណភាពសម្រាប់ប្រទេសកម្ពុជា ខណៈកម្មវិធីប្រកួតបវរកញ្ញា កាន់តែសម្បូរបែបនៅក្នុងស្រុក ដែលធ្វើឱ្យ កម្ពុជា អាចចម្រាញ់បានបេក្ខភាពពោរពេញដោយសមត្ថភាពដើម្បីដណ្ដើមមកុដលើឆាកអន្តរជាតិ។
ខណៈការប្រកួតបវរកញ្ញាវ័យក្មេង Mini Miss Cambodia 2024 , Little Miss Cambodia 2024 និង Miss Preteen Cambodia 2024 កំពុងដំណើរការ ដែលមានបេក្ខភាពក្មេងៗជាច្រើនចូលរួមប្រកួតប្រជែង កំពុងធ្វើឱ្យកម្ពុជា កាន់តែមានបេក្ខភាពសប្បូបែបដើម្បីជ្រើសរើសបាន បេក្ខភាពដ៏ល្អដើម្បីឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
លោក អ៊ិន វិចិត្រ ដែលជាអ្នកបង្កើតកម្មវិធីប្រកួតប្រជែងបវកញ្ញាវ័យក្មេង និងធ្លាប់ដឹកនាំបវរកញ្ញា វ័យក្មេងរបស់ កម្ពុជា លី មួយលាង ឈ្នះមកុដលំដាប់អន្តរជាតិនៅ ឥណ្ឌា កាលពីពេលថ្មីៗ លោកបានបង្ហាញក្ដីរីករាយដែលម៉ូដែលតូចៗរបស់យើងអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែង សម្រាប់ឆ្នាំនេះផ្ទាល់ បេក្ខភាពប្រកួត Mini Miss Cambodia 2024 , Little Miss Cambodia 2024 និង Miss Preteen Cambodia 2024 មានរូបសម្រស់ស្រស់ស្អាតមួយបែបម្នាក់ បើនិយាយពីការដើរម៉ូដ និងការតុបតែងខ្លួនវិញ គឺខ្ញង់ៗ មិនចាញ់ម៉ូដែលពេញវ័យនោះឡើយ។
លោកសង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចជ្រើសរើសបានម្ចាស់ជយលាភីដ៏ល្អស័ក្កសមសម្រាប់តំណាងប្រទេសកម្ពុជាទៅប្រកួតលើវេទិកាអន្តរជាតិ ស្របពេលដែលឆ្នាំមុនបវរកញ្ញាវ័យក្មេងកម្ពុជាជាច្រើនរូបដណ្តើមបានមកុដជយលាភី ជាមុខមាត់សម្រាប់កម្ពុជាលើឆាកអន្តរជាតិ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច