ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រុស្ស៊ីបានប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីសម្រេចចិត្តរបស់សហប្រជាជាតិស្ដីពីបទឈប់បាញ់នៅស៊ូដង់

១៩ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ


ប្រទេសអង់គ្លេស និងប្រទេសសេរ៉ាឡេអនបានតាក់តែងសេចក្ដីព្រៀងនៃសេចក្ដីសម្រេចចិត្តអង្គការសហប្រជាជាតិមួយពាក់ព័ន្ធនឹងការបញ្ចប់ជម្លោះនៅប្រទេសស៊ូដង់ ហើយកាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខក៏បានកោះប្រជុំសមាជិកទាំង១៥របស់ខ្លួនដើម្បីបើកកិច្ចប្រជុំស្វែងរកការអនុម័តសេចក្ដីព្រៀងនេះ ប៉ុន្តែត្រូវបានភាគីរុស្ស៊ីប្រើសិទ្ធិវេតូខ្ទាស់ជាប់។

 

 

លោក ឌីមីទ្រី ប៉ូលយ៉ានស្គី (Dmitry Polyansky) អនុប្រធានតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំសហប្រជាជាតិបាននិយាយថា ខ្លឹមសារនៃសេចក្តីព្រាងនេះផ្ដោតខ្លាំងលើការដកចេញអាជ្ញាធរស្របច្បាប់របស់ប្រទេសស៊ូដង់។ ជំហរបែបនេះមិនទំនងទាល់តែសោះ និងមិនអាចទទួលយកបានឡើយ។ លោក ប៉ូលយ៉ានស្គី បានបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីសម្រេចបានបទឈប់បាញ់គឺទុកឱ្យភាគីជម្លោះព្រមព្រាងគ្នា ហើយរុស្ស៊ីជឿថា តួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខគឺដើម្បីជួយភាគីជម្លោះឱ្យសម្រេចបាននូវចំណុចនេះ។

 

 

ការប្រើសិទ្ធិវេតូរបស់ទីក្រុងមូស្គូនេះបានទាក់ទាញការថ្កោលទោសពីសមាជិកក្រុមប្រឹក្សាសន្តិសុខមួយចំនួនដូចជាលោកស្រី លីនដា ថូម៉ាស គ្រីនហ្វៀល ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំសហប្រជាជាតិជាដើម។ លោកស្រីបាននិយាយថា កន្លងមក រុស្ស៊ីតែងអះអាងថាខ្លួនគាំទ្រនិងនៅជាមួយពលរដ្ឋអាហ្វ្រិក ប៉ុន្តែបែរជាបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចចិត្តដែលគាំទ្រដោយប្រទេសអាហ្វ្រិកសម្រាប់ពលរដ្ឋអាហ្វ្រិកទៅវិញ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024