ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអ៊ុយក្រែនកាលពីពេលថ្មីៗនេះ លោកហ្សឺលែនស្គីសង្កត់ធ្ងន់ថាទោះជាយ៉ាងណាក៏ដោយ សង្គ្រាមអ៊ុយក្រែនត្រូវតែបិទបញ្ចប់ឲ្យទាល់តែបាននៅឆ្នាំ២០២៥ និងបញ្ចប់ដោយការចរចាគ្នាផ្នែកការទូត។
លោកថ្លែងបន្តទៀតថាសង្គ្រាមអ៊ុយក្រែននឹងបិទបញ្ចប់កាន់តែឆាប់ដោយក្រុមអ្នកនយោបាយថ្មីដែលចូលធ្វើការនៅសេតវិមានក្នុងពេលឆាប់ៗនេះ។
លោកត្រាំធ្លាប់និយាយជាច្រើនដងថាលោកនឹងបិទបញ្ចប់សង្គ្រាមនេះត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ លោកហ្សឺលែនស្គី ឆ្លើយតបត្រង់ចំណុចនេះថានេះជាវិធីបញ្ចប់សង្គ្រាមរបស់ពួកគេ នេះជាការសន្យាទៅកាន់ជនជាតិរបស់គេ ហើយការសន្យានេះជារឿងសំខាន់សម្រាប់ទាក់ទាញការគាំទ្រ។
ថ្មីៗនេះ រុស្ស៊ី វាយយកបានទឹកដីអ៊ុយក្រែនបន្ថែមទៀតនៅភាគខាងកើត និងភាគអាគ្នេយ៍។ ចំណែកនៅតំបន់ខឺស រុស្ស៊ីក៏កំពុងត្រៀមវាយយកតំបន់នេះពីកងទ័ពអ៊ុយក្រែនវិញដោយមានជំនួយពីកងទ័ពកូរ៉េខាងជើង។
លោក ហ្សឺលែនស្គី ទទួលស្គាល់ថាអ៊ុយក្រែនកំពុងទទួលរងសម្ពាធកាន់តែខ្លាំង និងរងការវាយសម្រុកកាន់តែខ្លាំងពីរុស្ស៊ី។ ប៉ុន្តែទន្ទឹមនឹងនោះ រុស្ស៊ីក៏រងការខូចខាតយ៉ាងដំណំផងដែរទាំងអាយុជីវិតកងទ័ព និងសម្ភារៈសឹក។
ក្រោយពេលដឹងថាលោកត្រាំឈ្នះឆ្នោត លោក ហ្សឺលែនស្គី ក៏ហៅទូរស័ព្ទទៅលោក ត្រាំ ប្រកបដោយការស្ថាបនា។ មហាសេដ្ឋីសហរដ្ឋអាមេរិក លោក អ៊ីឡុនម៉ាស់ ក៏ចូលរួមការសន្ទនាគ្នានោះផងដែរ។ លោក ហ្សឺលែនស្គី យល់ថានយោបាយបែបនេះជាអ្វីដែលទ្វីបអឺរ៉ុបចង់បាន។ សហរដ្ឋអាមេរិកក៏ចង់ឃើញទ្វីបអឺរ៉ុបរីកចម្រើន និងរឹងមាំផងដែរ៕
ប្រែសម្រួល៖ អន សំអាង