ថ្ងៃពុធ ទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ប្រជាជនចិនដាក់ការស្តីបន្ទោសទៅលើវិបត្តិស្មារតីក្រោយកើតមានករណីវាយប្រហារ២លើកក្នុងពេល១សប្តាហ៍

១៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ប្រជាជនចិន រស់នៅទីក្រុងWuxi  របស់ប្រទេសចិន នៅថ្ងៃអាទិត្យ(១៧វិច្ឆិកា) បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការបន្ថែមទៀតដើម្បីជួយដល់ប្រជាជន ក្រោយហេតុការណ៍ចាក់មនុស្សស្លាប់១ថ្ងៃមុននេះ(គឺនៅថ្ងៃសៅរ៍) បណ្តាឱ្យមនុស្ស៨នាក់ស្លាប់ និង១៤នាក់រងរបួស។ 

 

យោងប៉ូលីសក្នុងតំបន់ឱ្យដឹងថា ជនសង្ស័យជាបុរសអាយុ២១ឆ្នាំ និងជាអតីតសិស្សនៅមហាវិទ្យាល័យវិជ្ជាជីវៈសិល្បៈ និងបច្ចេកវិទ្យាទីក្រុងWuxiខេត្តJiangsh។​ ជននេះបានចាក់សម្លាប់មនុស្សនៅថ្ងៃសៅរ៍(១៦វិច្ឆិកា) ក្រោយកើតមានការខឹងសម្បារមិនទទួលបានលិខិតបញ្ចប់ការសិក្សានិងប្រលងមិនជាប់។ ជនសង្ស័យត្រូវចាប់ខ្លួននៅកន្លែងកើតហេតុ និងសារភាពកំហុស។ 

 

លោកស្រីZhu ប្រជាជនចិនរស់នៅទីក្រុងWuxi បានកត់សម្គាល់ថា ថ្មីៗនេះ មានអាកប្បកិរិយាហឹង្សា និងប្រឆាំងសង្គមច្រើនពេក។ លោកស្រីបន្តថា សម្ពាធសេដ្ឋកិច្ច បានប៉ះពាល់ដលសុខភាពផ្លូវចិត្តរបស់ប្រជាជន។ 

 

ស្របគ្នា លោកZhang Xuewen បានព្យាករណ៍ថា នឹង​មាន​ការ​វាយ​ប្រហារ​បែប​នេះ​ជាបន្តទៀត ហើយ​សង្ឃឹម​ថា​អាជ្ញាធរ​អាច​នឹងចាត់វិធានការឱ្យបានច្រើនដើម្បី​ជួយ​ប្រជាជនទូទៅ។

 

ការវាយប្រហារ កើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយទសវត្សរ៍(១០ឆ្នាំ) នៅទីក្រុង Zhuhai នៅថ្ងៃច័ន្ទ (១១ វិច្ឆិកា) ដែលមានបុរសអាយុ ៦២ ឆ្នាំម្នាក់បើករថយន្តចូលទៅក្នុងហ្វូងមនុស្សនៅខាងក្រៅកីឡាដ្ឋានស្លាប់មនុស្ស៣៥នាក់ និងរបួស៤៣នាក់។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024