ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
តារាវ័យក្មេងកូនកាត់ ខ្មែរ រុស្សី ឌៀប សូហ្វៀរ៉ា កាន់តែមានទីផ្សារខ្ពស់ នៅពេលដែលខ្លួនធំពេញវិញ ហើយនាងកំពុងពង្រឹងសមត្ថភាពបន្ថែមដើម្បីឈោងចាប់គោលដៅធំក្នុងជីវិត ។ ក្នុងឆ្នាំ ២០២៤ នេះ តារាសម្តែងកូនកាត់ ខ្មែរ រុស្សី វ័យក្មេង ឌៀប សូហ្វៀរ៉ា ពិតជាជោគជ័យខ្លាំងក្នុងអាជីពសិល្បៈ ដោយនាងបានថតរឿងជាច្រើនឱ្យផលិតកម្មក្នុងស្រុក ដោយឡែកសម្រាប់ដើមឆ្នាំ ២០២៥ខាងមុខវិញ មានដំណឹងថា នាងត្រៀមទទួលការងារធំៗជាច្រើនផ្សេងទៀត ។
តារាសម្ដែង និងជាតារាម៉ូដែលវ័យក្មេងរូបនេះ មិនត្រឹមតែលេចមុខនៅក្នុងវិស័យបង្ហាញម៉ូដ និង ថតសំអាងការប៉ុណ្ណោះទេ នាងថែមទាំងជាតារាសម្តែងវ័យក្មេងមួយរូបដែលកំពុងទទួលបានការស្រឡាញ់ និងការគាំទ្រពីសំណាក់ទស្សនិកជន ។
មានទេពកោសល្យសម្តែងល្អពីធម្មជាតិផង និងទទួលបានការបណ្តុះបណ្តាលពីរៀមច្បងផងដែរ ទើបធ្វើឱ្យនាងឈានឡើងដល់កម្រិតខ្ពស់បែបនេះ ។ ឌៀប សូហ្វៀរ៉ា បានឱ្យដឹងថា ពេលនេះនាងមមាញឹកនៅក្នុងការងារច្រើន ទាំងថតម៉ូដ និងសម្តែង ។
ឌៀប សួហ្វៀរ៉ា តែងតែចូលរួមកម្មវិធីថ្នាក់ជាតិ និងកម្មវិធីផ្សេងៗមិនដែលខាន ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » នាពេលកន្លងមកនេះ នាងក៏បានចូលរួមសម្តែងរួមជាមួយសិល្ករជាង ៥០០ នាក់ផងដែរ ដើម្បីទទួលបានបទពិសោធថ្មីៗពីរៀមច្បង ក៏ដូចជាជួយដល់ការងារសង្គម ។
កញ្ញា បានបញ្ជាក់បន្ថែមទៀតថា ការពិតពេលថ្មីៗនេះ មានគេទំនាក់ទំនងចង់ឱ្យនាងថតភាពយន្តនៅក្រៅប្រទេសដែរ ប៉ុន្តែនាងមិនហ៊ានទទួលការងារនោះ ដោយសារនាងនៅក្មេងពេក មិនទាន់ស្គាល់ពិភពលោកខាងក្រៅ ចាំនាងធំពេញវ័យ នាងនឹងឈោងចាប់ការងារទាំងនោះ ។
ចំពោះការវិលត្រឡប់ទៅប្រកួតក្នុងវិស័យបវរកញ្ញាសារជាថ្មីម្តងទៀតនោះ ឌៀប សូហ្វៀរ៉ា បានឆ្លើយតបថា រងចាំនាងធំពេញវ័យសិន ពេលនេះនាងនៅក្មេងខ្ចីណាស់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច