ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

រំអុកយូរហើយ! ទេព បូព្រឹក្ស និងគូស្នេហ៍តារារ៉េបលំដាប់ ជី ដេវីត សន្យារៀបការធំនៅឆ្នាំក្រោយ ! 

១៩ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

បន្ទាប់ពីចូលរួមពិធីមង្គលការតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាលពីពេលថ្មីៗនេះ តារាចម្រៀង ទេព បូព្រឹក្ស ក៏មិនបណ្តែតបណ្តោយពេលវេលាឱ្យវែងឆ្ងាយទៀតដែរ នាងនិងគូស្នេហ៍លោក ជី ដេវីត មានគម្រោងដឹកដៃគ្នាចូលរោងការឱ្យបាននៅឆ្នាំក្រោយនេះ ។

 

 

ថ្វីដ្បិតតែមានបំណងចង់បង្កើតកូនស្រីម្នាក់ទៀតមុនពេលរៀបចំពិធីមង្គលការក្តី តែតារាចម្រៀង ទេព បូព្រឹក្ស ហាក់ដូចជាទ្រាំចាំលែងបាន រហូតបានព្រលយពាក្យថា ចង់រៀបការឆ្នាំក្រោយ។ ចំណែកលោក ជី ដេវីត ដែលជាស្វាមីវិញក៏មិនបង្អង់យូរដែរ ក៏បានសន្យាថា នឹងរៀបចំពិធីមង្គលការរបស់ខ្លួននៅឆ្នាំក្រោយនេះ ក្រោយរំអុកគូស្នេហ៍របស់ខ្លួនជាយូរមកហើយ។ 

 

 

ចំណងស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដោយអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់គួរឱ្យស្រឡាញ់ដែលមានវ័យជិតពីរឆ្នាំហើយ ។ កន្លងមកអ្នកទាំងពីរធ្លាប់រៀបចំពិធីមង្គលការជាលក្ខណៈសែនព្រេង និងចុះអេតាស៊ីវិលរួចរាល់ហើយ គ្រាន់តែពុំបានអញ្ជើញមិត្តភក្តិចូលរួមប៉ុណ្ណោះ ។ 

 

 

ដោយឡែកបន្ទាប់ពីទទួលបានចំណងដៃកូនប្រុសម្នាក់មក តារាចម្រៀង ទេព បូព្រឹក្ស ហាក់ដូចជារមូលពោះចង់រៀបចំពិធីមង្គលការដែលមានលក្ខណៈធំដុំ និងត្រៀមអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែងបន្ទាប់ពីបានចូលរួមពិធីមង្គលការរបស់តារាចម្រៀង សុភ័ក្រ្ត កុសុម៉ា កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ស្រាប់តែបង្ហាញពីតម្រុយរឿងរៀបការ ។ 

 

 

ស្ថិតក្នុងឈុតសម្លៀកបំពាក់បុរាណ អមដោយគ្រឿងពេជ្រមួយឈុតធំភ្លឺចិញ្ចាំងចិញ្ចាច ទេព បូព្រឹក្ស នៅតែស្រស់ស្អាត ទោះបីជានាងមានកូនម្នាក់រួចហើយក្តី ។ ចំពោះរឿងរៀបការ ទេព បូព្រឹក្ស បានបង្ហើបប្រាប់ថា មង្គលការរបស់នាងអាចនឹងរៀបចំឡើងនៅឆ្នាំក្រោយយ៉ាងពិតប្រាកដ ពីព្រោះនាងមានអ្វីគ្រប់បែបយ៉ាងអស់ហើយ ។

 

 

ថ្វីដ្បិតតែបង្ហើបប្រាប់បែបនេះក្តី ទេព បូព្រឹក្ស នៅពុំទាន់បញ្ជាក់ពីថ្ងៃខែ និងពេលវេលាច្បាស់លាស់នៅឡើយទេ នាងគ្រាន់តែប្រាប់ថា រងចាំមើលទាំងអស់គ្នា ។ ចំណែកលោក ជី ដេវីត ដែលជាស្វាមី ទេព បូព្រឹក្ស វិញ ថែមទាំងបានព្រលយពាក្យថា « ឆ្នាំក្រោយការឱ្យផ្អើលកម្ពុជា » ។ ចម្លើយរបស់ ទេព បូព្រឹក្ស និងលោក ជី ដេវីត បានធ្វើឱ្យមិត្តសិល្បករ និងអ្នកគាំទ្រជាច្រើនបានចូលរួមត្រេអរ និងជូនពរអ្នកទាំងពីរមានសុភមង្គល ហើយទទួលបានកូនស្រីទី ២ តាមបំណងប្រាថ្នា ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024