ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
ម្ចាស់ស្លាកយីហោសម្លៀកបំពាក់ Rottanak Official បានពាំនាំ Collection ថ្មីចំនួន ២២ឈុត ដែលច្នៃប្រតិដ្ឋឡើងតាមភាពស្រមើស្រមៃនៃក្តីសុបិន្តរបស់មនុស្ស កំពុងទទួលការគាំទ្រខ្លាំងពីមហាជន។
សម្លៀកបំពាក់ទាំង ២២ ឈុតត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រាំងជាទីបំផុត ដើម្បីបង្ហាញឱ្យអ្នកចូលរួមមើលឃើញពីប្រណីតភាព ភាពល្អិតល្អន់នៃម៉ូដ និងការរចនាយ៉ាងទំនើបតាមសុបិន្តរបស់មនុស្សយើង ដែលពេលខ្លះវាជាសុបិន្តល្អ ខ្លះវាជាសុបិន្តអាក្រក់ ប្រៀបបីដូចពណ៌ខ្មៅដែលងងឹតឈឹងទៅ កាន់តែសញ្ជឹងគិត ក្តីស្រមៃរបស់យើងហាក់បីដូចជាកាន់តែជ្រាលជ្រៅ។
តាមការបញ្ជាក់ពី អ្នកច្នៃម៉ូដ រូបនេះ ដែលទទួលគំនិតបំផុសពីការយល់សុបិន្តនេះ ត្រូវបង្កើតឡើងដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃការដំណើរការស្លាកយីហោផ្ទាល់ខ្លួន និងការឈរជើងលើទីផ្សារកម្ពុជា ហើយទទួលបានការគាំទ្រពីអតិថិជនគ្រប់ជាន់ថ្នាក់។
វាហាក់បីដូចរៀងប្លែក ពេលយើងនិយាយពី Concept របស់ Collection សម្លៀកបំពាក់ថ្មីនេះ ប៉ុន្តែលោកចង់ប្រៀបធៀបឱ្យគ្រប់គ្នាដឹងថា ក្តីសុបិន្ត និងជីវិតវាផ្សារភ្ជាប់ទៅជាមួយគ្នា ពេលខ្លះវាល្អ ពេលខ្លះក៏អាក្រក់ ដូច្នេះទើបសម្រេចចិត្តច្នៃឈុតបែបកូនក្រមុំចំនួន ៤ ឈុត ដោយចង់បញ្ជាក់ពីអ្វីដែលស្រស់ស្អាត ដែលយើងបានឃើញក្នុងសុបិន្តរបស់យើង ហើយក៏ចង់ប្រាប់ឱ្យគ្រប់គ្នាដឹងថា គ្រប់យ៉ាងមិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ វាក៏នៅមានផ្នែកល្អសម្រាប់យើងផងដែរ។ អ្នកច្នៃម៉ូដរូបនេះបញ្ជាក់បន្ថែម។
អ្នកច្នៃម៉ូដដែលតែងតែនាំយករសនិយមថ្មីៗរូបនេះ សង្ឃឹមថា គ្រប់គ្នានឹងពេញចិត្តចំពោះ collection “Dream” ដែលលោកបង្កើតឡើង ដើម្បីអបអរខួបគម្រប១០ឆ្នាំនៃការដំណើរការស្លាកយីហោផ្ទាល់ខ្លួន។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់សាកល្បងស្លៀកឈុតសម្លៀកបំពាក់ច្នៃឡើងដោយ អ្នកច្នៃម៉ូដ យុន រតនៈ លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុក Rottanak Official ឬ Rottanak Shop ហើយក៏អាចធ្វើការកម្ម៉ង់ម៉ូដដែលខ្លួនឯងពេញចិត្តបានផងដែរ។
ថ្មីៗកន្លងទៅនេះ អ្នកច្នៃម៉ូដ យុន រតនៈ ទើបបង្កើតស្លាកយីហោថ្មីមួយទៀត ជាបុត្រសម្ព័នរបស់ស្លាកយីហោ Rottanak Official ឈ្មោះថា ល្អ - Laor Shop by Rottanak ដែលនាំមកជូនលោកអ្នកនូវសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃបែបពេញនិយម ត្រូវសម្រាប់តុបតែងខ្លួនប្រចាំថ្ងៃតែម្តង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ