ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ដ្បិតមិនសូវទទួលការផ្ដល់តម្លៃតែ កេសរ នៅតែជម្នះតែងនិពន្ធ និងបញ្ចេញស្នាដៃនេះក្រោមហេតុផលចម្បងៗ

៣០ តុលា ២០២៤ | កម្សាន្ដ

តារាចម្រៀងឯករាជ្យកញ្ញា កេសរ ផ្ដើមបញ្ចេញស្នាដៃរបស់ខ្លួនដែលប្រឹងប្រែងតាក់តែងដើម្បីលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រី បើទោះជាស្នាដៃនេះហាក់មិនសូវមានអ្នកផ្ដល់តម្លៃច្រើនបែបណាក្ដី។ តារាចម្រៀងឯករាជ្យ  រិទ្ធី លំអរកេសរ  ហៅ កេសរ បានពាំនាំស្នាដៃបទថ្មីមួយបទចំណងជើងថា «បណ្តាសា»  ដោយគ្រាន់តែឃើញចំណងជើងបទចម្រៀងនេះ ហ្វេនៗភាគច្រើនអាចទស្សន៍ទាយដឹងពីភាពឈឺចាប់ ដែលតារាចម្រៀងស្រីរូបនេះដាក់បញ្ចូលក្នុងអត្ថន័យ។

 

 

ពាក្យពេចន៍ចាក់ដោតក្នុង MV ចម្រៀងថ្មីនេះ បានធ្វើឱ្យស្រ្តីដែលជាជនរងគ្រោះដែលមិនទទួលបានយុត្តិធម៌ពីការធ្វើបាបនោះទេ ប៉ុន្តែបែរជាត្រូវមនុស្សជុំវិញសើចចំអក។ តើនេះជាបណ្តាសាស្រ្តីឬ?បទ «បណ្តាសា» ដែលជាស្នាដៃ និពន្ធថ្មី និងច្រៀងចេញពីបេះដូងរបស់ កេសរ បានសរសេរឡើង ដើម្បីឱ្យស្រ្តីទាំងអស់រឹងមាំឈប់បន្ទោសខ្លួនឯង ហ៊ានក្រោកឈរសម្រាប់ខ្លួនឯង តតាំងនឹងមនុស្សដែលសើចចំអក យកជនរងគ្រោះជាមនុស្សលេងសើច។ 

 

 

តារាចម្រៀងនិយមបង្ហាញភាពជាខ្លួនឯង កេសរ បានប្រាប់ពីអារម្មណ៍របស់ខ្លួនលើបទចម្រៀងថ្មីមួយបទនេះថា «តើត្រូវកើតជាមនុស្សស្រីត្រូវតែទ្រាំនៅពេល គេជិះជាន់ឬយ៉ាងណា? ហើយនេះជាវាសនារបស់យើងជាមនុស្សស្រីដែលជារឿងធម្មតាឱ្យគេជិះជាន់បែបនេះ? ដូច្នេះ នាងគិតថាជនរងគ្រោះជាច្រើនព្រមទទួលយករឿងរ៉ាវទាំងនេះ ទាំងគ្មានសិទ្ធ និងកម្លាំងតតាំង។ នាងចង់ឱ្យបទចម្រៀងមួយបទនេះរបស់ខ្ញុំក្លាយជាបទតំណាងមួយសំរាប់មនុស្សស្រី ឱ្យហ៊ានក្រោកឈរ តតាំងនូវសំណើច សង្គម ដែលជាបណ្តាសារបស់មនុស្សស្រី។ 

 

 

កេសរ ក៏បានសង្កត់ធ្ងន់ថា គ្រប់ពេលដែលមនុស្សស្រីមានបញ្ហា ត្រូវចាំថាគាត់មិននៅតែឯងនោះទេ។ តាមរយ:បទនេះ ជាសញ្ញាបញ្ជាក់ថា មនុស្សស្រីជាច្រើនគឺឆ្លងកាត់ដូចអ្នក នៅជាមួយអ្នក ផ្តល់កម្លាំងចិត្តឱ្យអ្នក និងដើរចេញពីបណ្តាសា ទាំងនេះ។ សម្រាប់វីដេអូបទចម្រៀងនេះ ក៏ផលិតយ៉ាងពិសេសដោយបានអញ្ញើញស្រ្តីក្នុងវិស័យផ្សេងៗគ្នា ដោយប្រើជំនាញរបស់ខ្លួន បញ្ចេញមតិ ក្រោកឈរតតាំង និងបណ្តាសា ហើយការហ៊ាននិយាយនេះគឺជាការបង្ហាញពីភាពខ្លាំងក្លារបស់មនុស្សស្រី និងលើកកម្ពស់ថាមពលស្រ្តី។

 

 

ចំនុចពិសេសនោះគឺ ការបណ្តែតបណ្តោយឱ្យសកម្មភាពអវិជ្ជមានបែបនេះកើតឡើងមាននៅលើស្រ្តី វាក្លាយទៅជាទម្លាប់អាក្រក់ដែលមនុស្សគិតថាធម្មតា ប៉ុន្តែវាជាបណ្តាសាពិតៗនៅក្នុងជិវិតស្រី្ត។គួររំឮកផងដែរថា នេះមិនមែនជាបទចម្រៀងដំបូងនោះទេដែល កេសរ បានសរសេរ និងផលិតបទចម្រៀងទាក់ទងទៅនឹងសិទ្ធរបស់ស្រ្តី និងហ៊ានលើកឡើងពីបញ្ហាស្រ្តីយកមកនិយាយនៅក្នុងអត្ថន័យចម្រៀងរបស់នាង។

 

 

កន្លងមក តារាចម្រៀងស្រីរូបនេះ ធ្លាប់បានសរសេរចម្រៀងដែលនិយាយពីជីវិតពុះពាររបស់មនុស្សស្រីដូចជាបទ ស្រ្តី, លាមួយសែនមួលានដង ជាដើម។ល។  សម្រាប់គម្រោងនាថ្ងៃអនាគត កេសរ ក៏បេ្តជ្ញានៅក្នុងចិត្តថា នឹងយកជំនាញសិល្ប: របស់ខ្លួនដើម្បីលើកកម្ពស់ និងលើកតម្លៃដល់ស្រ្តីហ៊ានទម្លុះរណាំងសង្គម ដើម្បីហ៊ាននិយាយពីបញ្ហារបស់ខ្លួនឯងជាសាធារណៈ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024