ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ស៊ីន ជេននី និងតារាចម្រៀងសាច់ចាំ នីកូ បានបណ្តើរគ្នាយ៉ាងត្រសងចូលរួមកម្មវិធីលំដាប់អន្តរជាតិ ELLE FASHION WEEK 2024 ដែលរៀបចំឡើងដោយទស្សនាវដ្តី ELLE (អ៊ែល) នៅ ប្រទេស ថៃ យ៉ាងភ្ញាក់ផ្អើល។ភាពស្និទ្ធស្នាលរវាងតារាស្រីវ័យក្មេង ស៊ីន ជេននី និងតារាចម្រៀងសាច់ចាំ នីកូ នៅតែជាទីចាប់អារម្មណ៍ពីក្រសែភ្នែកមហាជន ពិសេសអ្នកគាំទ្ររបស់អ្នកទាំងពីរតែម្តង។
អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ ជេននី និង នីកូ មិនត្រឹមតែបង្ហាញភាពស្និទ្ធស្នាលនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះ ម្ចាស់បទ «ក្បត់បង» បានបណ្តើរស្រីស្រស់សោភារូបនេះទៅចូលរួមកម្មវិធីលំដាប់អន្តរជាតិ ELLE FASHION WEEK 2024 ដែលរៀបចំឡើងដោយទស្សនាវដ្តី ELLE (អ៊ែល) នៅប្រទេសថៃ យ៉ាងភ្ញាក់ផ្អើលតែម្តង។
នេះជារូបភាពកម្របានឃើញពីមុនមក ដែលតារាប្រុសស្រីគូរនេះបណ្តើរគ្នាយ៉ាងស្និទ្ធស្នាលចូលរួមកម្មវិធីលំដាប់អន្តរជាតិ ជាឱកាសដែលអ្នកទាំងពីរអាចធ្វើការប្រាស្រ័យទាក់ទងជាមួយស្ថាប័នអន្តរជាតិនានា ដើម្បីណែនាំពីសក្កានុពល និងភាពស្រស់ស្អាតទាក់ទាញនៃសិល្បករកម្ពុជាយើង។ស្ថិតក្នុងឈុតរ៉ូបពណ៌សរបែបស្រគត់ស្រគុំ សិល្បការនីស្រករក្រោយ ស៊ីន ជេននី មើលទៅស្រស់ស្អាត ថ្លៃថ្នូរ ស័ក្កសមជាមួយការតុបតែងខ្លួនរបស់កំលោះសង្ហា នីកូ ដែលមើលទៅមានភាពស៊ីវិល័យមិនចាញ់តារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗនោះឡើយ។
ការចូលរួមរបស់ កញ្ញា ស៊ីន ជេននី និង នីកូ ជាភាពវិជ្ជមានថ្មីមួយទៀតសម្រាប់វិស័យសិល្បៈខ្មែរយើង ដែលមានឥទ្ធិពលអាចចូលរួមកម្មវិធីលំដាប់អន្តរជាតិជាមួយតារាល្បីៗមកពីតំបន់អាស៊ី និងអ៊ឺរ៉ុប។ ម៉្យាង វាក៏ជាការផ្សារភ្ជាប់ស្ពានសម្រាប់សិល្បករឆ្ពោះទៅទីផ្សារអន្តរជាតិផងដែរ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិផ្សេងៗជុំវិញពិភពលោក។
នេះមិនមែនជាលើកដំបូងដែល ជេននី និង នីកូ មានឱកាសបានទៅចូលរួមកម្មវិធីអន្តរជាតិនោះទេ តែវាជាលើកទី១ដែលអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសងទៅចូលរួមកម្មវិធី ELLE FASHION WEEK 2024 ជាហេតុធ្វើឱ្យហ្វេនៗរឹតតែឆ្ងល់ចង់ដឹងពីស្ថានភាពនៃទំនាក់ទំនងរវាងអ្នកទាំងពីរ។
គួររំឮកផងដែរថា តារាស្រីឆ្នើមលំដាប់ប្រទេសកម្ពុជា និងជាតារាស្រីដែលធ្លាប់ទទួលបានពានរង្វាន់លំដាប់ថ្នាក់ជាតិ-អន្តរជាតិច្រើនរាប់មិនអស់ ស៊ីន យូប៊ីន ក៏បានលេចវត្តមានក្នុងកម្មវិធី ELLE FASHION WEEK 2024 ដូចគ្នាដែរ គ្រាន់តែនាងចូលរួមតាំងពីថ្ងៃចាប់ផ្តើមដំបូងមកម៉្លេះ រួចទើបលេចវត្តមាន កញ្ញា ស៊ីន ជេននី និង នីកូ ទៅតាមក្រោយ។
វត្តមាន យូប៊ីន ក្នុងកម្មវិធីលំដាប់អន្តរជាតិជាថ្មីនេះ ត្រូវបានហ្វេនបរទេសនាំគ្នាចោមរោមសុំហត្ថលេខា និងថតរូបយ៉ាងកកកុញនៅបរិវេនច្រកចូល បង្ហាញពីឥទ្ធិពល និងសក្កានុពលរបស់សិល្បករខ្មែរយើង។ ដូច្នេះ គេជឿជាក់ថា ការចូលរួមរបស់ នីកូ និង ជេននី នឹងជួយជំរុញឱ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែច្បាស់ឡើង ពិសេសសិល្បកររបស់កម្ពុជាយើង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក