ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

Katy Perry និងតារាល្បីៗជាច្រើនទៀតចូលរួមកម្មវិធី Caring for Women

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

តារាចម្រៀង Katy Perry និងតារាល្បីៗជាច្រើនរូបទៀតបានចូលរួមកម្មវិធីសប្បុរសធម៌ Caring for Women ជាកម្មវិធីរៃអង្គាសប្រាក់ជួយដល់ការងារលុបបំបាត់អំពើហិង្សាលើស្ត្រី។

 


សិល្បករ មហាសេដ្ឋី និងបុគ្គលល្បីៗក្នុងវិស័យសិល្បៈនិងហ្វេសិនជាច្រើនរូបបានជួបជុំគ្នាក្នុងកម្មវិធីជប់លៀងសប្បុរសធម៌របស់មូលនិធិ Caring for Women ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលកម្សាន្ត The Pool ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែកញ្ញា។

 


វត្តមានតារាល្បីៗចូលរួមក្នុងកម្មវិធីដែលទទួលបានការចាប់អារម្មណ៍ច្រើនមានជាអាទិ៍ដូចជាតារាទូរទស្សន៍ Kim Kardashian, តួឯកស្រីរឿង “Fifty Shades of Grey” Dakota Johnson, តារាចម្រៀង Ricky Martin, តារាសម្ដែងឥណ្ឌា Priyanka Chopra, តារាសម្ដែង Linsay Lohan, តារាចម្រៀង Katy Perry និងគូស្នេហ៍របស់នាងគឺតារាសម្ដែង Orlando Bloom ផងដែរ។

 

 


គួរបញ្ជាក់ថាមូលនិធិ Caring for Women ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Kering ដែលជាក្រុមហ៊ុនមេរបស់ម៉ាកយីហោប្រណិតល្បីៗលំដាប់ពិភពលោកជាច្រើនដូចជា Gucci (គូឈី), Balenciaga (បាលេនសៀអាហ្កា) និង Yves Saint Laurent (អ៊ីហ្វ សេនឡូរ៉ង់) ជាដើម។ មូលនិធិនេះដែរគឺមានគោលដៅគាំទ្រដល់ការងារលុបបំបាត់អំពើហិង្សាពាក់ព័ន្ធយេនដ័រ ជាពិសេសអំពើហិង្សាមកលើស្ត្រី។

 

 


គួរបញ្ជាក់ដែរថា កម្មវិធីជប់លៀងកាលពីថ្ងៃច័ន្ទនេះ ត្រូវបានរៀបចំឡើងដោយតារាសម្ដែង Salma Hayek (សេលម៉ា ហាយេក) និងស្វាមីរបស់នាង គឺមហាសេដ្ឋី François-Henri Pinault (ហ្វ្រង់ស្វ័រ ហេនរី ភីណល) ដែលជាម្ចាស់ក្រុមហ៊ុន Kering ផ្ទាល់តែម្ដង ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024