ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែល លោក Effie Defrin បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល ៤ នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយនៅទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍។ លោក Defrin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Tel Aviv ថា «ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងតំបន់ Rafah មន្ត្រីម្នាក់ និងទាហាន ៣ នាក់ទៀតនៃកងវរសេនាតូចបានស្លាប់»។
លោកបានបន្តទៀតថា «កងកម្លាំងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងប្រតិបត្តិការនៅក្នុងសង្កាត់ Jenin និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម។ នៅមានហេដ្ឋារចនាសម្ព័ន្ធក្រោមដីនៅក្នុងតំបន់នេះ ដែលមិនទាន់ត្រូវបានបំផ្លាញនៅឡើយទេ»។
អ្នកនាំពាក្យរូបនេះបានអះអាងថា ជិតពាក់កណ្តាលនៃប្រជាជនប៉ាន់ស្មាន ១ លាននាក់នៃទីក្រុង Gaza ឬ ជាង ៤៥០,០០០ នាក់បានជម្លៀសទៅភាគខាងត្បូង។ លោកបន្ថែមថា «ក្រៅពីការប្រយុទ្ធគ្នា និងទោះបីជាមានការប៉ុនប៉ងរបស់ក្រុម Hamas ក្នុងការបញ្ឈប់ការជម្លៀសប្រជាជនយ៉ាងហិង្សាក៏ដោយកងកម្លាំងកម្លាំងការពារជាតិអ៊ីស្រាអែល នៅតែបន្តសម្របសម្រួលការឆ្លើយតបផ្នែកមនុស្សធម៌ និងការជម្លៀសប្រជាជនដើម្បីការពារពួកគេពីទីក្រុង Gaza»។
បើយោងតាមក្រសួងសុខាភិបាលតំបន់ Gaza បានឱ្យដឹងថា យ៉ាងហោចមានប្រជាជនប៉ាឡេស្ទីន ៨៥ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
គួររំលឹកថា ប្រទេសអ៊ីស្រាអែលបានប្រកាសកាលពីសប្តាហ៍មុន អំពីការពង្រីកប្រត្តិបតិការវាយប្រហារជើងគោកទៅលើតំបន់ Gaza បន្ថែមលើការវាយលុកតាមអាកាសរបស់ខ្លួន ក្នុងគោលបំណងកំទេចគោលដៅភេរវកម្មជាង ៨៥០ នៅទីក្រុង Gaza។
សង្គ្រាមនៅតំបន់ Gaza បានផ្ទុះឡើងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម Hamas បានបើកការវាយប្រហារលើអ៊ីស្រាអែល សម្លាប់មនុស្ស ១,១៣៩ នាក់ និងចាប់ជំរិតជាង ២០០ នាក់ផ្សេងទៀត។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាទូទាំងតំបន់ Gaza។ យោងតាមក្រសួងសុខាភិបាលនៃតំបន់ Gaza រហូតមកទល់ពេលនេះមានជនជាតិប៉ាឡេស្ទីន ៦៥,០៦២ នាក់បានស្លាប់ និង ១៦៥,៦៩៧ នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល៖ ណាវ័ន្ត