ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥

តៃវ៉ាន់តាំងពិពណ៌អាវុធបច្ចេកវិទ្យាទំនើបធំបំផុតខណៈអាមេរិកផ្តល់ជំនួយយោធា១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦

១៩ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

ពិព័រណ៍​អាវុធ​ដ៏​ធំ​បំផុត​របស់ដែនកោះ​តៃវ៉ាន់ ក្រោមប្រធានបទ«ពិព័រណ៍​ឧស្សាហកម្ម​ការពារ​ជាតិ និង​អវកាស» បាន​ចាប់​ផ្តើម​នៅ​ទីក្រុង​តៃប៉ិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មានការតាំង​បង្ហាញ​គំរូ​ថ្មីៗ​ពីអាវុធជាច្រើនប្រភេទ យានយន្ត និង​បច្ចេកវិទ្យា។ 

 

 

«អ្វី​ដែល​អនុញ្ញាត​ឱ្យ​យើង​មាន​សមត្ថភាព​ប្រយុទ្ធ​ធន់​គឺ​ការ​ឯកភាព​រួម​រវាង​តៃវ៉ាន់ និង​អាមេរិក ហើយ​ទៅពេលអនាគត យើង​នឹង​ពង្រឹង​សមត្ថភាព​ការពារជាតិ​របស់​យើង​ឱ្យ​កាន់តែ​រឹងមាំ មិនថា​ តាមរយៈ​កិច្ចសហប្រតិបត្តិការ កិច្ចសហការ​បច្ចេកវិទ្យា ឬ​ការផលិត​ក្នុង​ស្រុក​ឡើយ»។នេះជាការលើកឡើងរបស់លោកWellington Kooរដ្ឋមន្ត្រីក្រសួងការពារជាតិកោះតៃវ៉ាន់ទៅកាន់អ្នកសារព័ត៌មានក្នុងពិធីតាំងពិពណ៌។

 

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Wellington Koo បានធានាដល់សាធារណជនអំពីស្ថានភាពនៅកោះតៃវ៉ាន់ ដោយការបញ្ជាក់ថា អង្គភាពផ្សេងៗរួមផ្សំនិងប្រព័ន្ធទាំងឡាយ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពក្នុងតំបន់។
 

សភាអាមេរិក​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ចំណាយ​ទៅលើវិស័យការពារជាតិ​ប្រចាំឆ្នាំ​របស់​ខ្លួន។ ច្បាប់​អនុញ្ញាត​ការពារជាតិ​ (NDAA) ផ្តល់​ថវិកា​ជិត ៩០០​ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកា​យោធា​ឆ្នាំក្រោយ និង​កំណត់​ថវិកា​សម្រាប់​កម្មវិធី​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​តៃវ៉ាន់​ត្រឹម១​ពាន់​លាន​ដុល្លារ។
 

 

 

 

ស្របគ្នា ប្រធានក្រុមហ៊ុនជាច្រើនបានលើកសរសើរដល់រដ្ឋាភិបាលដែលផ្តល់អាទិភាពលើវិស័យការពារជាតិដែលបានបើកផ្លូវសម្រាប់ការវិនិយោគនិងការអភិវឌ្ឍន៍បន្ថែមទៀត នៅក្នុងឧស្សាហកម្មមួយនេះ។ 

 

លោក Wang Yu-jiu នាយកប្រតិបត្តិក្រុមហ៊ុនTRON FUTURE បានលើកសរសើរដូច្នេះ«ផ្លូវធ្វើដំណើរនៅវែងឆ្ងាយទៀត ប៉ុន្តែចាប់តាំងពីរដ្ឋាភិបាលយើងដាក់ការយកចិត្តទុកដាក់ខ្លាំងទៅលើឧស្សាហកម្មការពារជាតិ វាបានបង្កើតឱកាសមួយសម្រាប់ពួកយើង បង្កើនការផលិត កាត់បន្ថយថ្លៃចំណាយ និងកែលំអរ»។

 

 

 

ពិព័រណ៍​ឧស្សាហកម្ម​ការពារ​ជាតិ និង​អវកាស នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ធ្វើឡើងពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍Taipei Nangang ដែលមានអ្នកចូលរួមតាំងពិព័រណ៍ចំនួន៤៩០នាក់ និងមាន១៥០០ស្តង់។នេះបើតាមការឱ្យដឹងពីអ្នករៀបចំកម្មវិធី។ 

 

តៃវ៉ាន់ដែលជាដែនកោះមួយដែលរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថាជាចំណែកទឹកដីរបស់ប្រទេសចិន នោះមានបំណងបង្កើនមូលនិធិសម្រាប់វិស័យការពារជាតិរបស់ខ្លួនដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ត្រឹមឆ្នាំ២០៣០។ នៅឆ្នាំ២០២៦ តៃវ៉ាន់រំពឹងនឹងបង្កើនមូលនិធិសម្រាប់វិស័យការពារជាតិរបស់ខ្លួន៣,៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)។

 

ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ជាចំណែកទឹកដីរបស់ខ្លួនក្រោមគោលការណ៍ «ចិនតែមួយ» ខណៈដែលកោះតៃវ៉ាន់ មិនដែលបានប្រកាសឯករាជ្យជាផ្លូវការទេ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025