ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ម៉ូដែលជាបងប្អូនបង្កើត២រូប ពោរពេញដោយសមត្ថភាព ដឹកដៃគ្នាចូលសិល្បៈទាំងវ័យក្មេង ជាមួយក្តីសង្ឃឹមចង់ក្លាយជាបវរកញ្ញាល្បីឈ្មោះ

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

 

បងប្អូនបង្កើតស្រី ២រូប គឺ ដូរមីនិច អូនលី និង សូហ្វីយ៉ា អូនលី បានដឹកដៃគ្នាចូលប្រឡូកសិល្បៈទាំងវ័យក្មេង ជាមួយក្តីសង្ឃឹមចង់ក្លាយជាបវរកញ្ញា និងជាតារាម៉ូដែលល្បីឈ្មោះនៅថ្ងៃអនាគត។

 

 

កុមារីគួរឱ្យស្រលាញ់ ២រូប គឺ ដូរមីនិច អូនលី និង សូហ្វីយ៉ា អូនលី ជាបងប្អូនបង្កើតនឹងគ្នា បានដឹកដៃគ្នាចូលវិស័យសិល្បៈទាំងវ័យក្មេង តាមរយៈការដើរបង្ហាញម៉ូដ។ ម៉ូដែលតូច ដូរមីនិច មានអាយុ ៧ឆ្នាំ រីឯក្មេងតូច សូហ្វីយ៉ា មានអាយុ ៥ឆ្នាំ។

 

 

អាយុនៅតិចក៏ពិតមែន តែបងប្អូនបង្កើតស្រីទាំង ២រូប សាងស្នាដៃសិល្បៈបានច្រើនគួរសម ដោយបានលេចមុខតាមកម្មវិធីដើរបង្ហាញម៉ូដតូចធំជាច្រើន ធ្វើឱ្យពួកគេមានភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពចំពោះមុខទស្សនិកជន។ 

 

 

ផ្តល់បទសម្ភាសន៍ជាមួយកម្មវិធីជីវិតកម្សាន្តភីអិនអិន កាលពីពេលថ្មីៗ ដូរមីនិច និងប្អូនស្រី សូហ្វីយ៉ា រំភើបចិត្តជាខ្លាំងដែលត្រូវបានអញ្ញើញឱ្យចូលរួមដើរបង្ហាញម៉ូដជាមួយម៉ូដែលវ័យក្មេងផ្សេងៗទៀត។

 

 

អ្នកទាំងពីរពិតជាស្រលាញ់ការដើរម៉ូដខ្លាំងណាស់ បើមានឱកាសក្រោយៗអ្នកទាំងពីរ នឹងចូលរួមដើរម៉ូដបន្តទៀត ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនឡើង ព្រោះធំឡើងក្មេងឆ្លាតទាំង ២រូបនេះចង់ក្លាយជាតារាម៉ូដែលល្បីឈ្មោះ និងជាបវរកញ្ញាម្នាក់ផងដែរ។

 

 

ក្រោយមើលឃើញពីភាពប៉ិនប្រសព្វ និងដុងទេពកោសល្យសិល្បៈរបស់កូនស្រី អ្នកម្តាយក្មេងស្រីសែនឆ្លាតទាំងពីរគ្រោងឱ្យកូនស្រីរៀនរាំ K-POP បន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងភាពរឹងមាំរបស់កូនស្រី ខណៈដែលការរាំ K-POP កំពុងទទួលការពេញនិយមពីសំណាក់តារាម៉ូដែលវ័យក្មេងនាពេលបច្ចុប្បន្ន។

 

អ្នកម្តាយ អូនតូច ដូរមីនិច និង សូហ្វីយ៉ា ក៏ស្វាគមន៍ផលិតករ និងបណ្តាក្រុមហ៊ុនដែលចាប់អារម្មណ៍ចង់ហៅម៉ូដែលតូចទាំងពីរទៅរួមការងារផងដែរ ព្រោះអ្នកស្រីចង់ឱ្យកូនៗមានបទពិសោធន៍ចូលរួមការងារជាមួយសង្គមឱ្យច្រើន សូម្បីតែការងារសប្បុរសធម៌ផ្សេងៗក៏អ្នកស្រីរីករាយឱ្យកូនៗចូលរួមដូចគ្នា។ 

 

តាមការបង្ហើបពីអ្នកម្តាយ ឆាប់ៗខាងមុខនេះម៉ូដែលតូចទាំងពីរអាចនឹងចូលរួមដើរបង្ហាញម៉ូដកម្មវិធីអន្តរជាតិមួយ តែពេលនេះសុំលាក់សិន ដល់ពេលវេលានឹងបង្ហាញឱ្យទស្សនិកជនដឹងតែម្តង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024