ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ភាពយន្តស្នេហាបែបកំប្លែងថ្មីរបស់កូរ៉េខាងត្បូងរឿង “Love Next Door” កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ទាំងនៅលើ Netflix និងការបញ្ចាំងតាមប៉ុស្តិ៍ទូរទស្សន៍។
ភាពយន្តភាគកូរ៉េ “Love Next Door” ដែលសម្ដែងដោយតារាប្រុស Jung Hae-in (ជុង ហេអ៊ីន) និងតារាស្រី Jung So-min (ជុង សូមីន) កំពុងគ្រងចំណាត់ថ្នាក់លេខ៥ ជាភាពយន្តភាគមិននិយាយភាសាអង់គ្លេសដែលទទួលបានការគាំទ្របំផុតទូទាំងពិភពលោកប្រចាំសប្ដាហ៍របស់ Netflix ខណៈក្នុងប្រទេសកូរ៉េខាងត្បូង អត្រា Rating អ្នកទស្សនាបានកើនឡើងរហូតដល់ ៦,៥៨ ភាគរយសម្រាប់ភាគទី៤ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។
ចាប់ផ្ដើមចាក់ផ្សាយភាគដំបូងកាលពីថ្ងៃទី១៧ ខែសីហា ភាពយន្ត “Love Next Door” មានសាច់រឿងរៀបរាប់ពីទំនាក់ទំនងរវាងតួឯកប្រុសស្រីដែលបានស្គាល់គ្នាតាំងពីវ័យកុមារ ដោយចាប់ផ្ដើមជាមិត្ត រួចហើយក្លាយជាសត្រូវ ប៉ុន្តែចុងក្រោយក៏ក្លាយជាគូស្នេហ៍។ ភាពយន្តនេះដែរគឺជាស្នាដៃដឹកនាំដោយលោក Yoo Je-won (យ៉ូ ជេវ៉ុន) និងអ្នកនិពន្ធ Shi Ha-eun (ស្ហ៊ី ហាអ៊ឺន) ដែលធ្លាប់ទទួលបានជោគជ័យខ្លាំងជាមួយស្នាដៃផលិតភាពយន្តភាគ “Hometown Cha-Cha-Cha” កាលពីពេលកន្លងមក។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ភាពយន្តភាគកូរ៉េ ជាពិសេសប្រភេទ Romantic Comedy បានទទួលប្រជាប្រិយភាពកាន់តែខ្លាំង។ ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ នេះ ភាពយន្តភាគ "Queen of Tears" បានទទួលការគាំទ្រខ្លាំងនិងនៅតែស្ថិតក្នុងបញ្ជី Global Top 10 Series របស់ Netflix រយៈពេល ១៥ សប្តាហ៍មកហើយ ខណៈភាពយន្តភាគ "King The Land" បានទទួលការចូលទស្សនាសរុប ៣៣ លានដងនៅទូទាំងពិភពលោក និងរយៈពេលទស្សនាសរុប ៦៣០ លានម៉ោងដែលជាតួលេខខ្ពស់បំផុតលើ Netflix សម្រាប់ឆមាសទី២ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ វ៉ាន់ថន