ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

កាន់តែផុសផុលតារាចម្រៀងល្បីៗ ប្តេជ្ញាចិត្តចូលរូមផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន 

២៦ កក្កដា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងល្បីៗបានសម្តែងនូវការរីករាយ និងបេ្តជ្ញាចិត្ត ប្រើប្រាស់សម្លេងរបស់ខ្លួនចូលរួមគាំទ្រក្នុងការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

 

 

  សម្លេងសិល្បករសិល្បការិនីពិតជាមានសារៈសំខាន់ណាស់ក្នុងការបញ្ជូនសារអប់រំអំពីបញ្ហា គ្រឿងញៀនទៅកាន់មហាជនគ្រប់វ័យ ។ នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលិតកម្ម Galaxy កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ម្សិលមិញនេះ  ។ 

 

 

កិច្ចសហការនេះធ្វើឡើងដើម្បីពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម នេត ភត្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ពន្ធជាច្រើន ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីល្បីៗ ដូចជាតារាចម្រៀង លោក ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត , ខាន់ ជេមស៍ កញ្ញា តន់ ច័ន្ទសីម៉ា និងកញ្ញា ខាត់ សួស្តី ជាដើម...។ 

 


តារាចម្រៀងទាំងនេះ បានចូលរួមគាំទ្រ និង ប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សម្លេងរបស់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ។

 

 

ពួកគេបានបង្ហាញក្ដីរីករាយ និងសាទរខ្លាំងចំពោះកិច្ចសហការនេះដើម្បីធ្វើយ៉ាងណាចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់ ក៏ដូចជាការរាំងស្ទើសម្រាប់ការអភិវឌ្ឍសង្គមជាតិ ប្រសិនបើបញ្ហាគ្រឿងញៀននៅតែបន្តរីករាយរាលដាល់ខ្លាំង។

 


ឯកឧត្តម នេត ភត្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សម្តីសិល្បករសិល្បការិនី គឺពិតជាឆាប់ចាក់ចូលជ្រៅក្នុងក្រអៅបេះដូងទស្សនិកជន តាមរយៈការបញ្ជូនសារអប់រំអំពីបញ្ហាគ្រឿងញៀន ។ ឯកឧត្តមថែមទាំងបានសំណូមពរ ឱ្យក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវ៉ាត្រាគ្រុប ផលិតចម្រៀង និងរឿងអប់រំអំពីគ្រឿងញៀនឱ្យបានច្រើនដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024