ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

ប្រធានសមាគមស្វាយចន្ទីកម្ពុជា៖ កម្ពុជាក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅលំដាប់ទី២ លើពិភពលោក

០៧ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

កម្ពុជា បានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទី ធំជាងគេទីពីរ លើពិភពលោក បន្ទាប់ពីប្រទេសកូតឌីវ័រ ដោយប្រមូលផលគ្រាប់ស្វាយចន្ទី បានដល់ទៅជាង ៨៣ម៉ឺនតោនក្នុងរយៈពេល ៧ខែដំបូងនៃ ឆ្នាំ២០២៤នេះ។ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេស កូតឌឺវ័រ ជាមួយ នឹងការប្រមូលបានទិន្នផលសរុប កើនដល់ជាង ៨៣ម៉ឺនតោន និងបាននាំចេញទៅប្រទេសវៀតណាមជាង ៧៨ម៉ឺនតោន គិតជាទំហំទឹកប្រាក់ប្រមាណជាង ១០៩លានដុល្លារកើនឡើង ៣៦% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ដោយក្នុងមួយគីឡូក្រាម នៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ៧ពាន់ ៣រយរៀល មានការកើនឡើងជាងឆ្នាំកន្លង។ 

 


លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា បច្ចុប្បន្នប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេទី១ របស់ពិភពលោក គឺប្រទេសកូតឌីវ័រ ចំណែក កម្ពុជាបាននាំមុខប្រទេសឥណ្ឌា ជាប្រទេសលំដាប់ទី២ ដោយរុញប្រទេសឥណ្ឌា ឱ្យធ្លាក់មកនៅលេខរៀងទី៣។ ឧស្សាហកម្មគ្រាប់ស្វាយចន្ទីកម្ពុជានាពេលនេះ ទាមទារឱ្យមានការវិនិយោគបន្ថែមប្រមាណ ៣២៩លានដុល្លារ ដើម្បីអនុវត្តតាមគោលនយោបាយជាតិគ្រាប់ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធបន្ថែម រួមជាមួយនឹងការជំរុញឱ្យមានការវិនិយោគលើការកែច្នៃក្នុងស្រុកផងដែរ។ កម្ពុជាប្រសិនជាមានការកែច្នៃក្នុងស្រុកច្រើន អាចផ្តល់ឱកាសការងារដល់ពលរដ្ឋ ជាពិសេសអាចរក្សាបានតម្លៃសមរម្យ និងកាត់បន្ថយចំនួនឈ្មួញកណ្តាល។

 


ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានឲ្យក្រុមការងារសេដ្ឋកិច្ច ភីអិនអិនដឹងថា មូលហេតុដែលធ្វើឱ្យការផលិតគ្រាប់ស្វាយចន្ទីឆៅ របស់កម្ពុជាកើនឡើង នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនេះ គឺដោយសារតែ សមាគមបានត្រៀមខ្លួន និងជូនដំណឹងជាមុនឱ្យកសិករប្រុងប្រយ័ត្ន និងត្រៀមដំណោះស្រាយទប់ទល់ នឹងវិបត្តិអាកាសធាតុ ជាពិសេសបាតុភូត El Nino ការកើនឡើងនេះមិនមែនជារឿងចៃដន់ទេ ព្រោះកាលពីខែកញ្ញ ឆ្នាំ២០២៣ សមាគមស្វាយចន្ទីកម្ពុជា ប្រាប់ទៅប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត El Nino និងឱ្យកសិករត្រៀមខ្លួនរក្សាផលដំណាំនេះឱ្យបានល្អ។ បន្ថែមពីលើនេះ  ផ្ទៃដីមូលផលស្វាយចន្ទីនៅឆ្នាំ២០២៤ ក៏បានកើនឡើងប្រមាណ ៥៨ម៉ឺនហិកតា ធៀបទៅនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៧ម៉ឺនហិកតា ប៉ុណ្ណោះ ដែលនាំមកនូវកំណើនផលិតកម្ម សម្រាប់ដំណាំសក្តានុពលនេះ។ 

 


កម្ពុជា ត្រូវការការចូលរួមពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើនការបោះទុនលើវិស័យនេះបន្ថែម។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងបន្ថែមថា កម្ពុជា ត្រូវការរោងចក្រមិនតិចជាង ៣០ បន្ថែមទៀត ទើបអាចស្រូបទាញការទិញគ្រាប់ឆៅដែលខ្លួនផលិតបាន។ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងបន្ថែមថា ការកែច្នៃក្នុងស្រុកមានការធ្លាក់ចុះដោយសារ សហគ្រាសខ្វះទុនបង្វិលសម្រាប់ទិញគ្រាប់កែច្នៃ មួយវិញទៀតតម្លៃគ្រាប់ឆៅល្អ ដូចនេះ កសិករគាត់មើលឃើញការលក់គ្រាប់ឆៅមានភាពចំណេញជាង។

 

 

ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្ថែមថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សម្រាប់ដំណាំស្វាយចន្ទី មានសហគមន៍កសិកម្មទំនើបចំនួន៣ ស្ថិតក្នុងខេត្តកំពង់ធំ នឹងត្រូវបង្កើតឡើងជាផ្លូវការ រួមមានដូចជា កំពង់ធំសាលាវិស័យ មានសមាជិកចំនួន ៨៨នាក់ និងផ្ទៃដីដាំស្វាយចន្ទីចំនួន ២០៤ហិកតា។ សហគមន៍កសិកម្មទំនើបប្រាសាទសំបូរ មានសមាជិកចំនួន ៩៧នាក់ មានផ្ទៃដីដាំដុះស្វាយចន្ទីចំនួន ៥០៩ហិកតា និងសហគមន៍ទំរីងកំពង់ធំ មានសមាជិកចំនួន ៧៦នាក់ និងមានផ្ទៃដីដាំដុះចំនួន ៤៦០ហិកតា។

 


ទន្ទឹមនឹងនេះ ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឍសេដ្ឋកិច្ចជនបទដែលមាន ២ម៉ឺន ៥ពាន់គ្រួសារ ប្រកបរបរដាំដំណាំនេះ។ បច្ចុប្បន្នកម្ពុជា មានសហគ្រាសធុនតូចតែ ៤២ និងមធ្យម ៦ប៉ុណ្ណោះ ប្រសិនជាកម្ពុជាចង់កែច្នៃ ២៥% ស្មើរនឹងប្រមាណ ១៧ម៉ឺនតោន នៅក្នុងរយះពេលឆ្នាំ៥ ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតធម្យមចំនួន ៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លា ត្រូវការទុនបង្វិល ២៦៥,៥លានដុល្លា និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងក្រោយការប្រមូលផល មានដូចជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លា និងទីលានហាលគ្រាប់ ១៧,៥លានដុល្លា។

 


សូមជម្រាបថា កម្ពុជា មានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧១ម៉ឺនតោន ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួនប្រមាណ ៦៥ម៉ឺនតោន នៅឆ្នាំ២០២៣ ទៅកាន់ប្រទេស ចិន ជប៉ុន បង់ក្លាដែស ឥណ្ឌា វៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេស ចិន សាធារណៈរដ្ឋឆែក ជប៉ុន កូរ៉េខាងត្បូង ហូឡង់ វៀតណាម និងសហរដ្ឋអាម៉េរិក៕
 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025