ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២៥នេះ រមណីយដ្ឋានអង្គរ ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦សែន ៧ម៉ឺននាក់ និងទទួលបានប្រាក់ចំណូលជាង ៣១លានដុល្លារអាមេរិក កើនឡើងប្រមាណ ២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៨ខែដំបូង ឆ្នាំ ២០២៥ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជិត ៦៧ម៉ឺននាក់ ដែលរកប្រាក់ចំណូលបានជាង ៣១លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង ១លាន ៣សែនដុល្លារអាមេរិក ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងខែសីហា ឆ្នាំ ២០២៥ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជាង ៥ម៉ឺននាក់ ដោយផ្តល់ចំណូលជាង ២លាន ៤សែនដុល្លារអាមេរិក ធ្លាក់ចុះ ២៣%។
សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារអាមេរិក។
បើយោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហាញថា ក្នុងឆមាសទី ១ កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ៣លាន ៣សែននាក់ បានមកកម្សាន្តនៅកម្ពុជា ដែលតួលេខនេះ កើនឡើងរង្វង់ ៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២៤កន្លងទៅ។
សូមរម្លឹកផងដែរថា វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ