ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចគោលដៅបាន ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

០៣ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានគោលដៅ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នឹងបន្តប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាននូវ គោលដៅពាណិជ្ជកម្មក្នុងទំហំ ២០ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។ 

 

 

ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តន ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម សម្រេចបានគោលដៅ ១០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ តាមរយៈការនាំទំនិញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន ២០ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។

 


ក្នុងឱកាសនោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាបានថ្លែងអំណរគុណដល់វៀតណាម ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ 

 


ជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការស្វាគមន៍ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំ នៃបដិវត្តន៍ ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។ លើសពីនេះ ប្រធានរដ្ឋសភាវៀតណាម បានចាត់ទុកដំណើររបស់គណៈប្រតិភូកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំស្អិតរមួតរវាងកម្ពុជា និងវៀតណាម នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។

 


ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភាកម្ពុជា បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលមានការរីកចម្រើន ឥតឈប់ឈរលើគ្រប់វិស័យ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់។ ដោយឡែកក្នុងឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង ១៨% បើប្រៀបធៀបនឹងឆ្នាំ២០២៣។

 


គួរជម្រាបថា បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៧ខែមកនេះ កម្ពុជា-វៀតណាម សម្រេចទំហំពាណិជ្ជកម្មរួមគ្នាសរុប ៤ពាន់៩រយលានដុល្លារ មានការកើនឡើង ៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២ពាន់៤រយលានដុល្លារ កើនឡើង ១០% ខណៈការនាំចូលពីវៀតណាមវិញមាន ២ពាន់៥រយលានដុល្លារ កើនឡើង៤%៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ក្រុមការងារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025