ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

ធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់ ក្នុងប្រទេសអូស្រ្តាលី

០៣ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

 

នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោក លី ស៊ីដេត អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានចូលរួមសម្ពោធការដាក់បញ្ចូលប្រាក់រៀល ក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពី លោក Adam Nezval ប្រធានប្រតិបត្តិការសាច់ប្រាក់ និងក្រដាសប្រាក់លក់ដុំប្រចាំប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់នៃក្រុមហ៊ុន Travelex។

 


កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ក្នុងការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលីនេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលីដែលធ្វើដំណើរមកទស្សនាប្រទេសកម្ពុជា និងភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅប្រទេសអូស្រ្តាលី អាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលី ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

 


ទន្ទឹមនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរក្នុងប្រទេសអូស្រ្តាលី ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពី កំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។

 


គួរបញ្ជាក់ថា នេះជាលើកទី ៤ហើយដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរនៅ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ខណៈធនាគារជាតិនៃកម្ពុជា នឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរនៅ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025