ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

វៀតណាម រំពឹងនាំចេញអង្ករជាង ៨លានតោន ក្នុងឆ្នាំ ២០២៥

០៣ កញ្ញា ២០២៥ | សេដ្ឋកិច្ច

 

ប្រទេសវៀតណាម រំពឹងនាំចេញអង្ករជាង ៨លាន ២សែនតោន ក្នុងឆ្នាំ ២០២៥ ទោះបីជាមានការផ្អាកជាបណ្តោះអាសន្នក្នុងការនាំចូលអង្ករពី ប្រទេសហ្វីលីពីនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ប្រទេសវៀតណាម នៅតែរំពឹងនាំចេញអង្ករលើស ៨លានតោន ក្នុងឆ្នាំនេះ ដែលជំរុញដោយការកើនឡើងនៃ ការទិញពីទីផ្សារ បង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជា ហ្វីលីពីនផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។

 


ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក ហ្វីលីពីន បានទិញអង្ករចំនួន ៤លាន ៨សែនតោនពីបរទេសកាលពីឆ្នាំមុន ដែលក្នុងនោះវៀតណាម បានផ្គត់ផ្គង់ចំណែកចំនួន ៣លាន ៦សែនតោន។

 


ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ វៀតណាម បានលក់អង្ករចំនួន ៥លាន ៥សែនតោនទៅក្រៅប្រទេសក្នុងតម្លៃ ២ពាន់ ៨រយលានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូល បានធ្លាក់ចុះ ១៣% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


អ្នកនាំចេញបានទទួលស្គាល់ថា ខណៈពេលដែលការនាំចេញអង្កររបស់ប្រទេសវៀតណាម បានធ្លាក់ចុះ ពួកគេបានចុះកិច្ចសន្យាថ្មីក្នុងតម្លៃដែលប្រសើរជាងមុន និងពង្រីកទីផ្សារទៅទូទាំងទីផ្សារអាស៊ាន និងអាហ្វ្រិកខាងត្បូង។


កាលពីដើមខែសីហា រដ្ឋាភិបាលហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្កររយៈពេល ២ខែ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ចំពេលតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគទីផ្សារព្យាករណ៍ថា ការនាំចេញសរុបរបស់វៀតណាម នឹងនៅតែរឹងមាំ ដោយសារតម្រូវការកើនឡើងនៅក្នុងតំបន់ផ្សេងទៀត។

 


ជាចុងក្រោយ ប្រធានសមាគមស្បៀងអាហារវៀតណាម Do Ha Nam បានបង្ហាញទំនុកចិត្តថា ជាមួយនឹងលទ្ធផលដ៏រឹងមាំដែលសម្រេចបានក្នុងរយៈពេល ៧ខែ ការនាំចេញអង្កររបស់វៀតណាម នឹងលើសពី ៨លានតោននៅឆ្នាំនេះ៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025