ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកបញ្ញាសិប្បនិមិត្ត (AI) របស់ចិន ស្នើសុំចុះ MoU ជាមួយសមាគមទេសចរណ៍ធំៗក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍទេសចរណ៍វៃឆ្លាត (Smart Travel) នៅកម្ពុជា។
នាថ្ងៃទី២ ខែកញ្ញា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយ លោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China ដោយភាគីក្រុមហ៊ុន គោរពស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់ ក្រុមហ៊ុន ចំពោះគំនិតផ្តួចផ្តើមក្នុងការនាំមកនូវ បចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើប សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ហើយឯកឧត្តម បានឯកភាពជួយសម្របសម្រួលជូន ក្រុមហ៊ុនជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្របតាមស្មារតី ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥ ដែលបានគាំទ្រដោយ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង ២ និងដើម្បីជួយជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
ជាក់ស្តែង ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំមានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត ហឺប៉ី បង្កើតឡើងជាង ៣៦ឆ្នាំមកហើយ មានបុគ្គលិកជាង ៤ម៉ឺននាក់ និងមានប្រាក់ចំណូលជាង ២២ពាន់ដុល្លារអាម៉េរិក ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង ១០០ដ៏ធំនៅប្រទេសចិន។
យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែមិថុនា ឆ្នាំ ២០២៥នេះ បានបង្ហាញថា ក្នុងឆមាសទី ១ កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមានជាង ៣លាន ៣សែននាក់ បានមកកម្សាន្តនៅកម្ពុជា ដែលតួលេខនេះ កើនឡើងរង្វង់ ៦% ហើយក្នុងនោះមានភ្ញៀវទេសចរចិន ប្រមាណជាង ៥៨ម៉ឺននាក់។
សូមជម្រាបថា វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ