ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ខ្មោចនាវាអាយុ ១១០ ឆ្នាំមួយគ្រឿងត្រូវបានរកឃើញនៅបាតសមុទ្រនៅប្រទេសស្កត់ឡេន

០២ កញ្ញា ២០២៤ | កម្សាន្ដ

 

 

កាលពីពេលថ្មីៗនេះ ក្រុមស្រាវជ្រាវ Lost in Waters Deep ដែលជាអ្នកស្វែងរកខ្មោចនាវាលិចនៅបាតសមុទ្រជាយូរឆ្នាំមកហើយហាក់ដូចជាបានប្រទះឃើញបំណែកនាវាកម្សាន្តឈ្មោះ HMS Hawk ដែលបានរងការវាយប្រហារពីនាវាមុជទឹករបស់អាល្លឺម៉ង់មួយនៅក្នុងឆ្នាំ១៩១៤ បណ្ដាលឱ្យស្លាប់កងទ័ព និងកងម៉ារីនសរុប ៥២៥ នាក់នៅលើនាវាកម្សាន្តនោះ។

 

 


ការរកឃើញបំណែកខ្មោចនាវាកម្សាន្តនេះត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រ Aberdeenshire ដែលស្ថិតនៅចម្ងាយប្រហែល 70 ម៉ាយប្រហែលជាង ១១២ គីឡូម៉ែត្រនៅភាគខាងកើតនៃទីក្រុង Fraserburgh របស់ប្រទេសស្កត់ឡេន។

 

 


លោក Steven John Mortimer អ្នកមុជទឹកជាមួយនឹងក្រុម Lost in Waters Deep បានពន្យល់ថា បំណែកខ្មោចនាវានេះត្រូវបានរកឃើញដោយការវិភាគពីទិនានុប្បវត្តិថ្ងៃរបស់ប្រធានក្រុមនាវិកក៏ដូចជាសៀវភៅកំណត់ហេតុពី Royal Navy Cruisers ផ្សេងទៀតដែលបានផ្ញើសំបុត្រគ្នាទៅវិញទៅមកជាមួយនាវា HMS Hawk។

 

 


ក្រុមនេះបាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលពួកគេបានឃើញមានការដុះស្លែនៅលើបំណែកខ្មោចនាវាកម្សាន្តនេះ ហើយឥឡូវនេះលោក Mortimer កំពុងរង់ចាំកងទ័ពជើងទឹក Royal Navy ដើម្បីផ្តល់ការបញ្ជាក់អំពីរបកគំហើញនេះថា តើវាពិតជានាវាកម្សាន្តនោះពិតមែន ឬយ៉ាងណានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024