ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ស្លូវ៉ានី រៀបចំពិធីហោះបង្អួតខ្លួននៅលើអាកាសនូវយន្តហោះដែលមានរូបរាងប្លែកៗ

០២ កញ្ញា ២០២៤ | កម្សាន្ដ

 

 

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា កន្លងទៅនេះ នៅប្រទេសស្លូវ៉ានីមានរៀបចំពិធីហោះបង្អួតខ្លួននៅលើអាកាសនូវពពួកយន្តហោះជាច្រើនគ្រឿងដែលគេប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយរបៀបដូចជាយន្តហោះដ្រូនដូច្នេះដែរ។ គេឃើញថាអ្នករចនាម៉ូតយន្តហោះហោះប្លែកៗទាំងនោះរួមទាំងអ្នកបើកយន្តហោះជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅក្នុងពិធីតាំងពិព័រណ៍ប្រចាំឆ្នាំ។ យន្តហោះខ្នាតធំៗដែលមានរូបរាង និងទំហំចម្រុះគ្នាបានទាក់ទាញអាកាសយានិក និងភ្ញៀវដែលមកពីទីជិតឆ្ងាយប្រមាណ​១៥០០នាក់ទូទាំងប្រទេសស្លូវ៉ានី និងមកពីប្រទេសដទៃផងដែរ។

 



 

នេះបើយោងតាមការបង្ហើបឲ្យដឹងពីអ្នករៀបចំកម្មវិធី។ យន្តហោះខ្នាតធំដែលគេយកមកហោះបង្អួតខ្លួននៅលើអាកាសលើកនេះមានដូចជាយន្តហោះម៉ាកអែហ្វ៨៦.សេប្រឺ (F-86 Sabre) ដែលបន្សល់ទុកតាំងពីក្រោយសម័យសង្គ្រាមយូហ្គោស្លាវី និងយន្តហោះម៉ាកហ៊្វូធូរ៉ា (Futura) ដែលផលិតឡើងដោយយកតាមគំនិតច្នៃប្រឌិតរបស់ខ្លួនឯងសុទ្ធសាធតែម្ដង ហើយមិនចម្លងតាមគំរូយន្តហោះដទៃទៀតទេ។

 

 

 

លោកម៉ាត់ហ្សាស់ជាប្រធានក្លឹបតាំងពិព័រណ៍ និងជាអ្នករៀបចំកម្មវិធីនេះប្រាប់ថាយន្តហោះមានប្រវែងស្លាបបីម៉ែត្រជាយន្តហោះដែលគេពេញនិយមបំផុតនៅក្នុងការតាំងពិព័រណ៍នេះ។ ថ្ងៃនេះ គេបាននាំយកយន្តហោះដែលមានម៉ាកផ្សេងៗគ្នាចំនួន២៨គ្រឿងមកហោះបង្អួតខ្លួន។ យន្តហោះខ្លះហោះបាន២ដង។ ដូច្នេះជារួម គេត្រូវចំណាយពេល៦ម៉ោងទម្រាំអាចបង្ហោះយន្តហោះទាំងនេះចប់សព្វគ្រប់។ អ្នកទស្សនាត្រូវឈរចម្ងាយប្រហែល៣០ម៉ែត្រពីផ្លូវរត់របស់យន្តហោះ។ ហេតុនេះ បើយើងយក៣០ម៉ែត្រគុណនឹងបី យើងបានចម្ងាយ៩០ម៉ែត្រ។ មានន័យថាយើងមើលយន្តហោះពិតប្រាកដពីចម្ងាយ៩០ម៉ែត្រ៕

 

ប្រែ​សម្រួល​៖ អន សំអាង


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024