ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតថ្មី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករ និងម្រេច ទៅប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ភាគីហ្វីលីពីនត្រូវសហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានបទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករ ទៅក្រៅប្រទេស ព្រមទាំងសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរ ឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ បន្ថែមពីលើនេះ ពូជស្រូវចំនួន ១០ប្រភេទ ដែលមានតម្រូវការទីផ្សារខ្ពស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស មានពូជស្រូវខ្លះ ប្រជាកសិករមិនសូវបានចាប់អារម្មណ៍ ក្នុងការដាំដុះ ប៉ុន្ដែមានទីផ្សារខ្លាំង។
ពូជស្រូវដែលមានការពេញនិយម និងងាយស្រួលរកទីផ្សារនោះ រួមមាន ពូជផ្ការំដួល ពូជស្រូវសែនក្រអូប និងសែនក្រអូប 01 ពូជស្រូវស្រងែ ពូជស្រូវនាងអុក-នាងអំ ពូជស្រូវឆ្មាព្រំ ពូជស្រូវនាងខុន-ផ្កាខ្ញី ប្រភេទអង្ករដំណើប និងប្រភេទអង្ករនាងខ្មៅ។
ជាការឆ្លើយតបនៅក្នុងជំនួបនោះ លោកស្រី Flerida Ann P.Mayo ក៏បានលើកឡើងពីសំណើរបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្មនៅកម្ពុជា។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានបញ្ជាក់ ចំពោះសំណើ បន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព។
សូមជម្រាបថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៣៧ម៉ឺនតោន ទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។
ក្នុងនោះដែរ បើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន។ ចំពោះប្រភេទអង្ករបាននាំចេញ ក្នុងនោះអង្ករ ក្រអូបមានចំនួន ៧០.៥២% ប្រភេទអង្ករសធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ