ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

សមាគមវារីវប្បករនៅកម្ពុជា៖ ការចិញ្ចឹមត្រីនៅក្នុងឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ២៥% បើធៀបទៅនឹងឆ្នាំ២០២៣

០២ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

នៅឆ្នាំ២០២៤នេះ ការចិញ្ចឹមត្រីទូទាំងប្រទេសមានការកើនឡើងប្រមាណ ២៥% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយសារទីផ្សារត្រីល្អ និងទទួលបានតម្លៃសមរម្យ ដែលធ្វើឱ្យអ្នកចិញ្ចឹមទទួលបានផលចំណេញ បន្ទាប់ពីកសិករ រងការខាតបង់ខ្លាំងកាលពីឆ្នាំមុនៗ។លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិន ឲ្យបានដឹងថា ការចិញ្ចឹមត្រីនៅក្នុង ឆ្នាំ២០២៤នេះ មានការកើនឡើងជាងឆ្នាំមុន ដោយសារចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក តម្លៃត្រីបានកើនឡើងជាបន្តបន្ទាប់ ដែលជំរុញឱ្យកសិករមួយចំនួន ដែលធ្លាប់ផ្អាកចិញ្ចឹមវិលមកចិញ្ចឹមវិញ ខណៈកសិករខ្នាតមធ្យមខ្លះ បានពង្រីកការចិញ្ចឹមច្រើនជាងមុន រីឯកសិករខ្នាតធំនៅរក្សាការចិញ្ចឹមក្នុងបរិមាណដដែល។ 

 


ក្នុងនោះ តម្លៃត្រីចិញ្ចឹមក្នុងស្រុក នៅលើទីផ្សារមិនមានការចុះថ្លៃនោះទេ គឺនៅថេរដដែល ដូចនេះ តម្លៃកើនខ្ពស់នេះហើយ ដែលធ្វើឱ្យកសិករមានទឹកចិត្តក្នុងការចិញ្ចឹមបន្ត។ ត្រីចិញ្ចឹមដោយកសិករក្នុងស្រុក មានតម្លៃថ្លៃជាងត្រីនាំចូល ពីក្រៅប្រទេសតិចតួចប៉ុណ្ណោះ។ លើសពីនេះ កត្តាដែលធ្វើឲ្យត្រីចិញ្ចឹមក្នុងស្រុក មានតម្លៃខ្ពស់ ជាងត្រីនាំចូល ដោយសារការចិញ្ចឹមត្រីក្នុងស្រុក ចំណាយដើមទុនច្រើន ជាងត្រីនាំចូល ព្រោះរាល់វត្ថុធាតុដើម ដូចជាកូនត្រី និងចំណីជាដើម ភាគច្រើននាំចូលពីបរទេស។

 


លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ សមាគមវារីវប្បករនៅកម្ពុជា បានលើកឡើងបន្តថា ជាទូទៅត្រី គ្រប់ប្រភេទបានឡើងថ្លៃ ត្រីចិញ្ចឹមនៅស្រះ អាចកើនឡើងពី ៥រយរៀល ទៅ ២ពាន់រៀលក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមប្រភេទ ជាក់ស្តែង កាលពីមុនត្រីប្រាតម្លៃតែ ៤ពាន់២រយរៀលទេ តែឆ្នាំនេះ កើនឡើងដល់ជាង ៥ពាន់រៀល។ ការកើនឡើងនៃតម្លៃត្រីនេះ ចាប់ពីចុងឆ្នាំ ២០២៣មក ដោយសារអ្នកចិញ្ចឹមត្រីមានតិចជាងមុន បើធៀបនឹងកាលពីឆ្នាំមុនៗ ព្រោះតែអ្នកចិញ្ចឹមខ្នាតតូចមួយចំនួនធំ បានបោះបង់ការចិញ្ចឹម បន្ទាប់ពីរងការខាតបង់ផ្ទួនគ្នាក្នុងរយៈពេល ២ទៅ៣ឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩។ 

 


សមាគមវារីវប្បករនៅកម្ពុជា បន្តឲ្យដឹងថា ការនាំចូលត្រីពីវៀតណាម ក៏មានបរិមាណតិចជាងមុន ដោយសារតម្លៃត្រីនៅវៀតណាមឡើងថ្លៃ។ បច្ចុប្បន្ននេះ ការនាំចូលត្រីពីប្រទេសជិតខាង ភាគច្រើននាំចូលតែប្រភេទត្រី ដែលមិនមានការចិញ្ចឹមក្នុងស្រុក ដូចជា ត្រីក្រហែ ត្រីកន្រ្តប់ ចំណែកត្រីរ៉ស់ ទីឡាព្យា ត្រីប្រា និងត្រីឆ្ពិន មានការនាំចូលតិចតួច ដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ប៉ុន្តែមិនបង្កផលប៉ះពាល់ដល់ទីផ្សារត្រី ក្នុងស្រុកឡើយ។

 


កសិករខ្នាតតូចជាង ៦០% ដែលបានបោះបង់ការចិញ្ចឹម កាលពី ឆ្នាំ២០២៣ មានប្រមាណ ៥% បានវិលត្រឡប់មកចិញ្ចឹមវិញ នៅក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែ មួយចំនួនទៀត បានបោះបង់ការចិញ្ចឹមតែម្តង បន្ទាប់ពីពួកគេបានរងការខាតបង់ខ្លាំងក្នុង រយៈពេលប៉ុន្មានឆ្នាំមុនៗ ដែលធ្វើឱ្យកសិករ មិនមានទុនសម្រាប់ចិញ្ចឹមបន្ត បើទោះបីជា តម្លៃត្រីប្រសើរជាងមុនក៏ដោយ។ ជាមួយគ្នានេះ ក្រុមវារីវប្បករកម្ពុជា ស្នើឲ្យឈ្មួញ និងប្រជាពលរដ្ឋកម្ពុជា ជួយគាំទ្រត្រីចិញ្ចឹមក្នុងស្រុក ត្បិតវាមានគុណភាព រស់ជាតិឆ្ងាញ់ ជាងត្រីនាំចូលពីក្រៅប្រទេស។ ការបរិភោគត្រីចិញ្ចឹមក្នុងស្រុក មិនត្រឹមតែជួយលើកកម្ពស់សុខភាពពលរដ្ឋ និងវិស័យវារីវប្បកម្មនៅកម្ពុជា នោះទេ តែជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ។

 


កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការជឿជាក់ ទៅលើពលរដ្ឋខ្មែរពិតជាមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ ក្នុងការចិញ្ចឹមត្រីប្រកបដោយគុណភាព និងបរិមាណ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក។ ប៉ុន្ដែ ក្រសួងកសិកម្ម បានមើលឃើញថា តម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយ។ 

 

កត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហា របស់ក្រសួងកសិកម្ម គឺបញ្ហាប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងកសិកម្ម កត់សម្គាល់ឃើញថា ត្រីចិញ្ចឹមនៅក្នុងស្រុក នៅតែមានថ្លៃដើមខ្ពស់ ជាងត្រីនាំចូលពីក្រៅប្រទេស ដែលជាហេតុធ្វើឲ្យត្រីក្នុងស្រុក មានការពិបាកក្នុងការប្រជែងដណ្តើមទីផ្សារជាមួយត្រីនាំចូល ត្បិតវាមានតម្លៃថ្លៃជាងត្រីនាំចូល។


ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជា ក្នុងឆ្នាំ ២០២៣ កន្លងទៅ មានការថយចុះ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ ការចិញ្ចឹមត្រីបានចំនួន ៣១ម៉ឺន៤ពាន់តោន ថយចុះ ១ម៉ឺនតោន និងការចិញ្ចឹមក្រពើបានចំនួន ៣៣ម៉ឺន ២ពាន់ក្បាល ថយចុះចំនួន ៥ម៉ឺន ៨ពាន់ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញ ទទួលបានចំនួន ២៦៩លានក្បាល ថយចុះ ១៤លានក្បាល។ នៅឆ្នាំ២០២៤ ក្រសួងកសិកម្ម តាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាប ចំនួន ៤៥ម៉ឺន ៤ពាន់តោន និងសមុទ្រចំនួន ១៣ម៉ឺនតោន ខណៈវារីវប្បកម្មវិញ ត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន។


គួរជម្រាបថា សមាគមវារីវប្បករនៅកម្ពុជា ជាសមាគមផ្ដោតលើវិស័យចិញ្ចឹមត្រី ក្នុងតំបន់គោលដៅ ចំនួន ៦ខេត្ត រួមមាន ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់ ខណៈឆាប់ៗនេះ ខេត្តតាកែវ នឹងត្រូវបានបញ្ចូល ក្នុងសមាគមវារីវប្បករនៅកម្ពុជាផងដែរ។ សមាគមវារីវប្បករនៅកម្ពុជា មានសមាជិក ១០៦៣នាក់ និងមានប្រមាណ ៧០០កសិដ្ឋាន ជាកសិដ្ឋានចិញ្ចឹមត្រីដើម្បីអាជីវកម្ម៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត+ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025