ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

“Twisters” ភាពយន្តមហន្តរាយខ្យល់ព្យុះដែលរកចំណូលបានខ្ពស់បំផុត

២៣ កក្កដា ២០២៤ | កម្សាន្ដ

 

ភាពយន្តថ្មី “Twisters” បានក្លាយជាភាពយន្តអំពីគ្រោះមហន្តរាយដែលអាចរកចំណូល បានច្រើនបំផុតនៅអាមេរិកក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ជាមួយចំណូលសរុប ១២៣ លានដុល្លារនៅសប្ដាហ៍ដំបូង។

 


ភាពយន្តមហន្តរាយខ្យល់ព្យុះ “Twisters” បានគ្រងចំណាត់ថ្នាក់លេខ១លើតារាងចំណូលភាពយន្ត Box Office សប្ដាហ៍នេះ បន្ទាប់ពីអាចរកចំណូលបានរហូតដល់ ៨០,៥ លានដុល្លារពីការបញ្ចាំងនៅអាមេរិកខាងជើងកាលពីចុងសប្ដាហ៍កន្លងទៅ។

 


ខណៈការបញ្ចាំងនៅអាមេរិកបានទទួលជោគជ័យខ្លាំងគួរឱ្យកត់សម្គាល់ ប៉ុន្តែចំណូលនៅទីផ្សារអន្តរជាតិរបស់ភាពយន្តនេះគឺទាបការរំពឹងទុកបន្តិច ដោយអាចទទួលបាន ៤២ លានដុល្លារពីការបញ្ចាំងនៅ ៧៦ ប្រទេស។ សរុបចំណូលទូទាំងពិភពលោកភាពយន្តនេះអាចរកបាន ១២៣,២ លានដុល្លារ។

 


ដឹកនាំដោយផលិតករដើមកំណើតកូរ៉េ Lee Isaac Chung (លី អ៊ីសាក ជុង) ភាពយន្ត “Twisters” និយាយពីដំណើរឆ្លងគ្រោះថ្នាក់របស់ក្រុមអ្នកប្រមាញ់ខ្យល់ព្យុះដែលចូលរួមសម្ដែងដោយតារាល្បីហូលីវូដ Daisy Edgar-Jones (ដេស៊ី អ៊ិដហ្កា ចូនស៍), Glen Powell (ក្លេន ផោវេល) និង Anthony Ramos (អេនថូនី រ៉ាម៉ូស)។

 

 

សហការផលិតដោយក្រុមហ៊ុន Universal Pictures, Warner Bros. Pictures និង Amblin Entertainment ភាពយន្តនេះបានចំណាយដើមទុនក្នុងការថតអស់ ១៥៥ លានដុល្លារ ដោយមិនទាន់គិតថ្លៃធ្វើទីផ្សារជាច្រើនលានដុល្លារទៀតឡើយ។

 


ងាកមកកាន់ចំណាត់ថ្នាក់លេខ២ គឺភាពយន្តគំនូរជីវចល “Despicable Me 4” ដែលអាចរកចំណូលបន្ថែមបាន ២៣,៨ លានដុល្លារនៅអាមេរិក និង ៥២ លានដុល្លារទៀតពីប្រទេសផ្សេងៗ ធ្វើឱ្យចំណូលសរុបឡើងដល់ ៥៧៤ លានដុល្លារ ក្រោយការបញ្ចាំងចំនួន ៣ សប្ដាហ៍ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024