ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ទស្សនាទិដ្ឋភាពពិធីបុណ្យអាហារ ជប៉ុន ដ៏ធំបំផុតលើពិភពលោក

២៩ សីហា ២០២៤ | កម្សាន្ដ

 

ពិធីបុណ្យអាហារជប៉ុនធំបំផុតលើពិភពលោកត្រូវបានរៀបចំឡើងម្ដងទៀតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

 

 

 

មនុស្សជាច្រើនកកកុញបាននាំគ្នាធ្វើដំណើរទៅកាន់ដងវិថីមួយចំនួនក្នុងទីក្រុងញូវយ៉កដែលបានរៀបចំពិធីបុណ្យពិព័រណ៍អាហារជប៉ុនមានឈ្មោះថា “JAPAN Fes” ដែលត្រូវបានចាត់ទុកថាជាកម្មវិធីបង្ហាញម្ហូបជប៉ុនធំបំផុតលើពិភពលោក។

 

 


រួមមានអាហារជប៉ុនគ្រប់មុខរាប់តាំងពីតែបៃតង ទឹកកកឈូស និងនំមឹក ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សប្រមាណ ៥ ម៉ឺននាក់ក្នុងមួយលើកៗ។ ផ្អែកតាមអ្នកនាង Misako Shoji (មីសាកុ ស៊្ហូជិ) ដែលជាអ្នករៀបចំកម្មវិធីបានឱ្យដឹងថា កម្មវិធីនេះបានចាប់ផ្ដើមរៀបចំឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ហើយក៏បានក្លាយជាព្រឹត្តិការណ៍អាហារល្បីបំផុតនៅញូវយ៉ក ខណៈពេលវេលារៀបចំគឺធ្វើឡើងស្ទើរតែរៀងរាល់ចុងសប្ដាហ៍ ចាប់តាំងពីខែកុម្ភៈដល់ខែវិច្ឆិការៀងរាល់ឆ្នាំ ហើយក៏បានទាក់ទាញអ្នកចូលចិត្តភ្លក់អាហារជាច្រើនជាពិសេសអ្នកទេសចរវ័យក្មេងជំទង់ៗ។

 

 


លើសពីការបង្ហាញពីម្ហូបអាហារ អ្នករៀបចំកម្មវិធីបានឱ្យដឹងថាគោលបំណងនៃកម្មវិធីនេះសង្កត់ធ្ងន់លើការកសាងសហគមន៍សម្រាប់ប្រជាជនជប៉ុន និងអ្នកចូលចិត្តម្ហូបជប៉ុន។

 

 

 

អ្នកនាង Shoji បាននិយាយថា ដោយសារប្រទេសជប៉ុនមិនមាន Koreatown ឬ Chinatown ក្នុងទីក្រុងញូវយ៉កនោះទេ ដូច្នេះហើយការប្រារព្ធពិធីបុណ្យនេះឡើងនៅចុងសប្ដាហ៍នឹងជាការបង្កើតសហគមន៍សម្រាប់អ្នកចូលចិត្តម្ហូបជប៉ុនទាំងអស់។ សម្រាប់ឆ្នាំ២០២៤ ពិធីបុណ្យម្ហូបជប៉ុនលើកចុងក្រោយនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា នៅភូមិ East Village សង្កាត់ Manhattan (ម៉ាន់ហាតាន់) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024