ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ព្រឹត្តិការណ៍ប្រណាំងកូនឆ្កែពូជ Corgi (ខកគី) ប្រចាំឆ្នាំដ៏ធំត្រូវបានរៀបចំឡើងនៅរដ្ឋធានីប្រទេសលីទុយអានីកាលពីពេលថ្មីៗ ដោយទាក់ទាញអ្នកទស្សនារាប់ពាន់នាក់។
ទីក្រុង Vilnius (វីលនីញូស) រដ្ឋធានីនៃប្រទេសលីទុយអានី បានរៀបចំព្រឹត្តិការណ៍ប្រណាំង ឆ្កែពូជ Corgi (ខកគី) ប្រចាំឆ្នាំលើកទីបីរបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ទៅកាន់ឧទ្យាន Vingis (វីនហ្គីស) ដែលជាសួនឧទ្យានធំបំផុតរបស់ទីក្រុង។
ព្រឹត្តិការណ៍នេះមានបេក្ខជនជាកូនឆ្កែ Corgi ជាង ១០០ ក្បាលមកពីទូទាំងទ្វីបអឺរ៉ុបដែលចូលរួមក្នុងការប្រកួតរត់ប្រណាំងចម្ងាយ ៥០ ម៉ែត្រ និងការប្រលងប្រជែងម៉ូដសំលៀកបំពាក់ផងដែរ ខណៈមានមនុស្សយ៉ាងហោច ៦ ពាន់នាក់ចូលរួមអង្គុយទស្សនា។
កម្មវិធីបានចាប់ផ្ដើមដោយការប្រលងម៉ូដសម្លៀកបំពាក់ប្លែកៗ ដែលអ្នកឈ្នះត្រូវបានជ្រើសរើសដោយការបោះឆ្នោតពីអ្នកទស្សនាផ្ទាល់ រួចហើយទើបដល់កម្មវិធីរត់ប្រណាំង ដែលមានបែងចែកជា ៣ វគ្គរួមមានការប្រកួតកម្ដៅសាច់ដុំ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដោយមានការចែកជាក្រុមទៅតាមទម្ងន់របស់ សុនក ដែលចូលរួមប្រកួត។
អ្នករៀបចំព្រឹត្តិការណ៍ លោក Edvinas Miskas (អេដវីណាស មីស្កាស) បានបដិសេធជំនឿទូទៅដែលនិយាយថា សុនកពូជ corgis មិនអាចរត់បានលឿនដោយសារតែជើងខ្លីៗរបស់ពួកគេ។ លោកនិយាយថា ការពិតសុនកពូជ corgis មានភាពរហ័សរហួន និងស្វាហាប់ខ្លាំងណាស់ ៕
ប្រែសម្រួល៖ វ៉ាន់ថន