ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
មនុស្សជាច្រើនកុះករបានចូលរួមពិធីបុណ្យផ្កាប្រចាំឆ្នាំដ៏ល្បីល្បាញ នៅទីក្រុង Zundert ប្រទេសហូឡង់កាលពីថ្ងៃអាទិត្យ ដែលត្រូវបានគេចាត់ទុកថាជាពិធីបុណ្យក្បួនដង្ហែផ្កាធំបំផុតរបស់ពិភពលោក។
មនុស្សជាច្រើនរយនាក់បានស្រែកហ៊ោខណៈក្បួនដង្ហែរូបសំណាកផ្កាខ្នាតយក្សជាច្រើន ដូចជារូបឆ្កែចចកយក្ស មនុស្សយន្តយក្ស និងតួអង្គតុក្កតាផ្សេងៗបានធ្វើដំណើរចេញមកម្ដងមួយៗសម្រាប់ពិធីបុណ្យ “Corso Zundert” ជាពិធីបុណ្យដ៏ល្បីមួយក្នុងប្រទេសហូឡង់។
យោងតាមសេចក្ដីរាយការណ៍ក្នុងស្រុក ផ្កាប្រមាណប្រាំបីលានទងត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យនៅឆ្នាំនេះ ដោយមានការចូលរួមពីសិល្បករចំនួន ២០ ក្រុម ខណៈរូបសំណាកខ្លះមានកម្ពស់រហូតដល់ ២០ ម៉ែត្រ។ អ្នកចូលរួមម្នាក់បាននិយាយថា កម្មវិធីនេះគឺជាការបំផុសគំនិតដ៏អស្ចារ្យ ហើយក្រុមរបស់ពួកគេបានធ្វើការរយៈពេល ៣ ខែជាមួយមនុស្សប្រហែល ២០០ នាក់ដើម្បីតុបតែងផ្កាលើរថយន្តក្បួនដង្ហែដូចនេះ។
នៅក្នុងឆ្នាំ២០២៤នេះ រូបសំណាកដែលទទួលបានពានរង្វាន់ធំពីគណៈវិនិច្ឆ័យគឺរូបសំណាកឆៃថៃក្រហមមានឈ្មោះថា “Beet!” ខណៈរូបសំណាកដែលមានការបោះឆ្នោតគាំទ្រពីមហាជនច្រើនជាងគេគឺរូបសំណាកវ៉ាលីមានឈ្មោះថា “The Lost Suitcase”។
គួរបញ្ជាក់ថា ទីក្រុង Zundert ក៏ត្រូវបានស្គាល់ផងដែរថាជាទីកន្លែងកំណើតរបស់វិចិត្រករ និងសិល្បករផ្នែកផ្កាដ៏ល្បីឈ្មោះលោក Vincent Van Gogh។ ទីក្រុងនេះបានរៀបចំពិធីបុណ្យដង្ហែរូបសំណាកផ្កា “Corso Zundert” ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៣៦ ហើយពិធីបុណ្យនេះក៏ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផងដែរចាប់តាំងពីឆ្នាំ ២០១២ ៕
ប្រែសម្រួល៖ វ៉ាន់ថន