ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ពិព័រណ៍ចម្លាក់ខ្សាច់ធំៗ ទាក់ទាញភ្ញៀវទេសចរនៅប្រទេសរុស្ស៊ី

០៤ កញ្ញា ២០២៤ | កម្សាន្ដ

 

ទីក្រុងធំមួយក្នុងប្រទេសរុស្ស៊ីកំពុងរៀបចំពិធីបុណ្យពិព័រណ៍ចម្លាក់ខ្សាច់ប្រចាំឆ្នាំរបស់ខ្លួន ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជាមួយនឹងរូបចម្លាក់ខ្សាច់ធំៗជាច្រើន។ទីក្រុង Saint Petersburg (សេន ភីថឺស្ប៊ើក) នៃប្រទេសរុស្ស៊ីកំពុងរៀបចំពិធីបុណ្យពិព័រណ៍ចម្លាក់ខ្សាច់ប្រចាំឆ្នាំរបស់ខ្លួន ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជាមួយនឹងរូបចម្លាក់ខ្សាច់ធំៗបង្ហាញពីប្រវត្តិសាស្ត្រ និងវប្បធម៌ពិសេសៗរបស់ខ្លួន។

 


ក្នុងចំណោមរូបចម្លាក់ធំៗនិងពោរពេញដោយភាពលម្អិត ក្នុងនោះក៏មាននូវរូបចម្លាក់របស់បុគ្គលល្បីៗប្រចាំប្រទេសរុស្ស៊ីដូចជា អ្នកនិពន្ធ Alexander Pushkin (អាឡិកសាន់ដឺ ភូស្គីន) តារាចម្រៀង Viktor Tsoi (វីកថឺ សយ) និងចម្លាក់អធិរាជ Peter the Great ជាដើម។

 


លោក Nikolai Lobutin (នីកូឡៃ ឡូប៊ូទីន) ជាអ្នកដឹកនាំក្នុងពិធីបុណ្យនេះបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានចម្រាញ់ជ្រើសរើសពីទីក្រុងចំនួន ៩ ទូទាំងប្រទេសរុស្ស៊ី ដោយជាស្នាដៃរបស់វិចិត្រករល្បីៗជាច្រើនរូប ដោយចំណោមនោះក៏មានវិចិត្រករដែលធ្លាប់បំបែកកំណត់ត្រាពិភពលោក Guinness និងអ្នកជាប់ពានរង្វាន់ជើងឯកពិភពលោកផងដែរ។ 

 


លើសពីសិល្បៈក្បាច់ចម្លាក់ដែលគ្រប់គ្នាមើលឃើញពីខាងក្រៅ អ្នកដឹកនាំរូបនេះក៏បានចែករំលែកពីអាថ៌កំបាំងដែលនាំឱ្យចម្លាក់ខ្សាច់ទាំងនេះអាចរក្សារូបរាងបានយូរ ថាពួកគេបានលាយបញ្ចូលដីឥដ្ឋ និងថ្នាំលាបបន្តិចៗ។

 

 

អ្នកចូលរួមមួយចំនួនបាននិយាយថារូបចម្លាក់ក្នុងកម្មវិធីនេះពិតជាមើលទៅអស្ចារ្យ ជាពិសេសរូបចម្លាក់របស់តារាចម្រៀង Viktor Tsoi បានទទួលការចាប់អារម្មណ៍ខ្លាំងជាងគេ។

 


គួរបញ្ជាក់ថាពិធីបុណ្យពិព័រណ៍ចម្លាក់ខ្សាច់នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Saint Petersburg ហើយឆ្នាំ២០២៤នេះ គឺជាការរៀបចំឆ្នាំទី២០ ដោយមានរយៈពេលចាប់ពីថ្ងៃទី២៤ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា ៕

 


 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024