ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

គ្រោងឆ្អឹងដាយណូស័រលក់ដេញថ្លៃបាន ៤៤ លានដុល្លារ ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ

១៩ កក្កដា ២០២៤ | កម្សាន្ដ


ហ្វូស៊ីលដាយណូស័រ Stegosaurus (ស្តេកហ្គឺ ស រើស) ដែលមានកម្ពស់ 3.35 ម៉ែត្រ ប្រវែង 6.1 ម៉ែត្រ និងមានជើងប្រវែង 1.14 ម៉ែត្រ ត្រូវបានលក់ដេញថ្លៃនៅក្រុមហ៊ុន Sotheby's (សថឺប៊ី) ទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៧ ខែកក្កដាក្នុងតម្លៃ 44.6 លានដុល្លារអាមេរិក ជាតម្លៃខ្ពស់មិនធ្លាប់មានសម្រាប់ការដេញថ្លៃហ្វូស៊ីលដាយណូស័រកន្លងមក។

 


ការដេញថ្លៃនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ព្រោះនេះជាលើកដំបូងក្រុមហ៊ុនដេញថ្លៃដ៏ល្បីមួយនេះបានចូលរួមក្នុងការនាំយកគំរូឆ្អឹងដាយណូស័រទៅកាន់ទីផ្សារភ្លាមៗបន្ទាប់ពីឆ្អឹងនេះត្រូវបានរកឃើញ និងផ្គុំរួចរាល់។

 

 

ក្នុងនោះ ក្រុមហ៊ុន Sotheby's បានសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្អឹង អ្នកជំនាញខាងបុរាណវិទ្យាដ៏ល្បីល្បាញ Jason Cooper ដើម្បីចងក្រងឯកសារដំណើរការទាំងមូល ចាប់តាំងពីការរកឃើញ និងការជីកកកាយ រហូតដល់ការស្ដារ រៀបចំ និងដំឡើងផ្គុំឡើងវិញ។

 


គួរបញ្ជាក់ថា ដាយណូស័រ Stegosaurus បានរស់នៅប្រហែល ១៥០ លានឆ្នាំមុនក្នុងយុគសម័យ Jurassic និងត្រូវបានគេចំណាំសម្រាប់ដុំស្រួចៗដូចបន្លាតាំងពីក្បាលដល់កន្ទុយ។

 


មានភាពពេញលេញ ៧០ ភាគរយ ឆ្អឹងដាយណូស័រដែលត្រូវបានលក់ដេញថ្លៃលើកនេះត្រូវបានគេដាក់ឈ្មោះថា Apex (អាផិច) ហើយជាគ្រោងឆ្អឹងដែលមានភាពពេញលេញ និងធំបំផុតដែលគេបានរកឃើញក្នុងប្រវត្តិសាស្ត្រ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024