ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ម៉ូដែលវ័យក្មេង ថៃ ដារ៉ូត រៀបរាប់រឿងរ៉ាវពីក្រោយការឈ្នះមេដាយ ៦ និងពានរង្វាន់ ២ ពីការប្រកួត WCOPA នៅសហរដ្ឋអាមេរិក

១៦ កក្កដា ២០២៤ | កម្សាន្ដ

 

 

ម៉ូដែលវ័យក្មេងកម្ពុជា ថៃ ដារ៉ូត បាននាំយកមេដាយមាស សំរិទ្ធ និងពានរង្វាន់ពិសេសពីការប្រកួតសិល្បៈលំដាប់ពិភពលោក WCOPA មកកម្ពុជាហើយ។ នាងតូចរូបនេះ បានរៀបរាប់រឿងរ៉ាវពីក្រោយភាពជោគជ័យដ៏ធំធេងនេះ ធ្វើឱ្យគ្រប់គ្នាកោតស្ញប់ស្ញែងជាខ្លាំង។

 


ម៉ូដែលវ័យក្មេងកម្ពុជា ថៃ ដារ៉ូត មានមោទនភាពក្រៃលែង ក្នុងការនាំយកមេដាយមាស សំរិទ្ធ ចំនួន ៦ រួមទាំងពានរង្វាន់ចំនួន ២ ពីការប្រកួតសិល្បៈលំដាប់ពិភពលោក WCOPA (World Championship of Performing Arts) មកកាន់មាតុប្រទេសកម្ពុជាវិញ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា កន្លងទៅ ដោយមានអ្នកម្តាយ និង National Director នៅរង់ចាំលើកទឹកចិត្តគ្រប់ពេលវេលា។

 


 
មកដល់ទឹកដីប្រទេសកម្ពុជាភ្លាម កុមារីឆ្លាតវ័យ ថៃ ដារ៉ូត បាត់អស់ភាពហត់នឿយពីការប្រកួតលំដាប់ពិភពលោក ព្រោះនាងបាននាំយកនូវភាពជោគជ័យដ៏ធំធេងមកជូនជាតិមាតុភូមិ។

 


 
ទន្ទឹមអារម្មណ៍រំភើបរីករាយពន់ពេកនោះ ដារ៉ូត ក៏បានរៀបរាប់រឿងរ៉ាវពីក្រោយ និងការខិតខំប្រឹងប្រែងរហូតទទួលបានភាពជោគជ័យដូចពេលនេះ។ នាងសូមថ្លែងអំណរគុណដល់បុគ្គលសំខាន់ជាច្រើនដូចជា អ្នកម្តាយ ក្រុមគ្រួសារ លោកគ្រូ Mathew និងអ្នកជុំវិញខ្លួន ដែលបានជំរុញចិត្តនាងឱ្យបានធ្វើល្អខ្លាំងដល់ថ្នាក់នេះ។

 


 
ភាពជោគជ័យរបស់កុមារីកម្ពុជារូបនេះលើឆាកប្រកួត World Championship of Performing Arts ធ្វើឱ្យ លោក Mathew Tan (ម៉ាតសៀវ តាន់) ជា National Director រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះលោកធ្លាប់រំពឹងថា ដារ៉ូត នឹងអាចធ្វើបាន តែមិនស្មានថានាងតូចនេះធ្វើបានល្អខ្លាំងលើសពីការរំពឹងទុករបស់លោកបែបនេះឡើយ។ National Director ជនជាតិហ្វីលីពីនរូបនេះបង្ហើបថា ក្រោយត្រឡប់ពីសហរដ្ឋអាមេរិក ដារ៉ូត នឹងត្រូវតំណាងកម្ពុជាចេញទៅប្រកួតវេទិកាអន្តរជាតិដ៏ធំមួយទៀតនៅប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។

 

 

សូមជម្រាបថា ក្រៅពីម៉ូដែលតូចវ័យ១០ឆ្នាំ ថៃ ដារ៉ូត ដែលឈ្នះមេដាយមាស សំរិទ្ធ និងពានរង្វាន់ចំនួន ២ ពីការប្រកួត WCOPA នៅសហរដ្ឋអាមេរិក នៅមានកុមារីកម្ពុជាម្នាក់ទៀត ប៊ុន សុភ័ក្រទេវី ដែលកុមារីរូបនេះក៏បានឈ្នះមេដាយប្រាក់ ជាតឹកតាងបង្ហាញពីការចូលរួមប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីលំដាប់ពិភពលោកនេះផងដែរ៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024