ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

សិល្បករជើងចាស់សាទរកម្មវិធី « មរតកសិល្បៈ » គាស់កកាយពីជីវិតពិតសិល្បករចាស់ៗឱ្យលេចមុខឡើងវិញ !

១៦ កក្កដា ២០២៤ | កម្សាន្ដ

 

 

សិល្បករចាស់ៗដែលបានបាត់បង់សមត្ថភាព បាត់បង់ការងារ ឬសិល្បករដែលរស់នៅទីដ៏សែនឆ្ងាយ នឹងត្រូវបានគាស់កកាយពីជីវិតពិតរបស់ពួកគាត់ឡើងវិញនៅក្នុងកម្មវិធី « មរតកសិល្បៈ » ដើម្បីឱ្យមហាជនបានស្គាល់ និងបានដឹងពីសុខទុក្ខរបស់ពួកគាត់ ។

 

 

ទោះបីជាមិនអាចជួយដល់សិល្បកចាស់ៗឱ្យមានជីវភាពល្អប្រសើរ និងមានការងារធ្វើឡើងវិញក៏ពិតមែន ប៉ុន្តែកម្មវិធី « មរតកសិល្បៈ » នឹងជីកកាយពីជីវិតពិតរបស់សិល្បករចាស់ៗឱ្យនៅតែស្ថិតក្នុងបេះដូងមហាជន ។

 


នៅក្នុងកម្មវិធី « មរតកសិល្បៈ » កាលពីពេលថ្មីៗនេះមានសិល្បករជើងចាស់ជាច្រើនដួងបានសាទរចំពោះកម្មវិធី « មរតកសិល្បៈ » ដែលជាកម្មវិធីថ្មីមួយគាស់កកាយពីជីវិតពិតសិល្បករដែលបានឃ្លាតឆា្ងយពីសិល្បៈ ឬ សិល្បករជើងចាស់ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេស កម្ពុជា ។

 


លោក អ៊ឹម ជីវ៉ា ដែលជាសិល្បករម្នាក់នៅក្នុងវិស័យសិល្បៈដែលតែងតែជួយផ្សព្វផ្សាយអ្នកសិល្បៈមានជីវភាពខ្វះខាតនោះ ក៏បានក្លាយទៅជាអ្នកតំណាង និងជាពិធីករនៅក្នុងកម្មវិធី « មរតកសិល្បៈ » នេះ ផងដែរ។

 

 

 លោកបាននិយាយថា ការបង្កើតកម្មវិធីនេះឡើង មិនរកប្រាក់ចំណេញពីកម្មវិធីនេះទេ ផ្ទុយទៅវិញការធ្វើកម្មវិធីនេះ គឺដើម្បីជួយសិល្បករឱ្យមានការងារធ្វើ និង ជួយដល់សិល្បករខ្លះដែលបានបាត់បង់សមត្ថភាព ។

 


កម្មវិធី « មរតកសិល្បៈ » គឺបង្កើតឡើងដោយលោក ភុំ សុវណ្ណារ័ត្ន អគ្គនាយកក្រុមហ៊ុនកៅអៀកយិនស៊ិនយ៉ាងធា ដែលបានចាប់ផ្តើមថតតាំងពីដើមឆ្នាំ ២០២៤ មកម្ល៉េះ ប៉ុន្តែទើបតែដាក់សម្ពោជាផ្លូវការនៅក្នុងពេលនេះប៉ុណ្ណោះ ។ លោក ភុំ សុវណ្ណារ័ត្ន បានបញ្ជាក់ប្រាប់ថា លោកបង្កើតកម្មវិធីនេះឡើងគឺដោយក្តីស្រឡាញ់ពេញចិត្ត និងចង់ជួយសិល្បករខ្មែរដែលបានបាត់បង់សមត្ថភាពការងារ ឬ ក៏សិល្បករដែលរស់នៅឆ្ងាយ មានឱកាសបានលេចមុខឡើងវិញឱ្យមហាជនស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ពួកគាត់ ដោយមិនទុកឱ្យពួកគាត់ស្ងាត់នោះទេ ។

 


សិល្បករសិល្បការិនីដែលបានចូលរួមក្នុងថ្ងៃសម្ពោធកម្មវិធី « មរតកសិល្បៈ » នោះរួមមានលោក សុះ ម៉ាច , លោក សាន ផានិត , អ្នកនាង កាឆយ និង អ្នកនាង ស៊ុន ស្រីពេជ្រ ជាដើម... ពួកគាត់បានចូលរួមគាំទ្រនូវការបង្កើតកម្មវិធីនេះឡើងគ្រប់ៗគ្នា ។ សិល្បករទាំងអស់សង្ឃឹមថា កម្មវិធី « មរតកសិល្បៈ » នឹងជួយឱ្យសិល្បករចាស់ៗមានវត្តមាននៅក្នុងវិស័យសិល្បៈឡើងវិញ ។

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024