ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥

ប្រជាជន ថៃ នាំគ្នាសាក់យ័ន្តតុក្កតា Labubu ព្រោះជឿថានាំលាភសំណាង

០៩ កក្កដា ២០២៤ | កម្សាន្ដ

 

ភាពពេញនិយមនៃតុក្កតា Labubu ក្នុងប្រទេសថៃកំពុងកើនឡើងយ៉ាងនឹកស្មានមិនដល់រហូតពេលនេះមានមនុស្សជាច្រើនបានសាក់យ័ន្តព្រមជាមួយរូបតុក្កតានេះដើម្បីនាំលាភសំណាងឱ្យខ្លួនថែមទៀត។

 


ការសាក់យ័ន្តមន្តអាគមជាប់ខ្លួនមិនមែនជារឿងចម្លែកនោះទេក្នុងប្រទេសថៃ ដែលប្រជាជនជាច្រើនមានជំនឿថាអាចនាំលាភ នាំសំណាង និងការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ។

 

 

យ៉ាងណាមិញ ខណៈដែលសាក់ភាគច្រើនមានរូបភាពជាអក្សរនិងយ័ន្តបុរាណ នៅពេលនេះរូបសាក់យ័ន្តថ្មីដែលមានរូបតុក្កតា Labubu នៅកណ្ដាលក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។

 


គួរបញ្ជាក់ថាតុក្កតាសត្វចម្លែក Labubu ត្រូវបានបង្កើតឡើងដោយសិល្បករហុងកុង លោក Kasing Lung (ខាស៊ីង ឡុង) ដែលបានសហការផលិតជាមួយក្រុមហ៊ុនចិន Popmart និងមានការដាក់លក់ជាលក្ខណៈ Blind Box ពោលគឺអ្នកទិញមិនអាចដឹងថាតុក្កតាក្នុងប្រអប់មានពណ៌អ្វីឡើយរហូតដល់បើកប្រអប់។ នៅប្រទេសថៃ តុក្កតានេះមានការពេញនិយមរហូតឡើងថ្លៃគុណនឹងបី និងពិបាករកទិញទៅទៀត បន្ទាប់ពី Lisa សមាជិកក្រុម Blackpink ថតរូបជាមួយតុក្កតានេះ។

 


លោកគ្រូចាក់សាក់យ័ន្តម្នាក់ឈ្មោះ Seeharat Muenyant (ស៊ីហារ៉ាត់ មឺនយ៉ាន) បានប្រាប់ពីដំណើរដើមទងនៃការសាក់យ័ន្តតុក្កតា Labubu នេះថា ដំបូងឡើយកូនស្រីរបស់លោកបានឌីសាញរូបសាក់នេះនិងបង្ហោះចូលក្នុង Group Chat គ្រួសារជាលក្ខណៈលេងសើចប៉ុណ្ណោះ ប៉ុន្តែក្រោយមកប្អូនស្រីរបស់លោកបានចាប់អារម្មណ៍ និងសុំឱ្យលោកសាក់យ័ន្តនេះឱ្យនាង។

 

 

ក្រោយពីសាក់រួច នាងបានបង្ហោះវីដេអូរូបសាក់លើបណ្ដាញសង្គមតិកតុកហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន។ លោកបង្ហើបថាមកដល់ដើមខែកក្កដានេះមានអតិថិជន ១០នាក់ហើយបានមកឱ្យលោកសាក់យ័ន្តតុក្កតា Labubu។ 

 


លោកគ្រូបានបន្ថែមថា ការចាក់សាក់យ័ន្តតុក្កតា Labubu នេះក៏មិនខុសពីការសាក់យ័ន្តផ្សេងៗដែរ គឺអ្នកចាក់អាចជ្រើសរើសបានថាតើពួកគេចង់បានសាក់ដើម្បីការពារខ្លួន ឬដើម្បីលើករាសី ឬអ្នកចាក់សាក់មួយចំនួនចង់បញ្ចូលទាំងការពារខ្លួននិងលើករាសីនាំលាភសំណាងក៏បាន ដោយគ្រូសាក់នឹងធ្វើការកែប្រែតួអក្សរគាថាអាគមទៅតាមនោះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025