ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

សមាជិក Itzy បង្ហាញចំណុចពិសេសរៀងៗខ្លួនក្នុង World Tour លើកទីពីរ

២៥ មេសា ២០២៤ | កម្សាន្ដ

 

សមាជិក Itzy បាននិងកំពុងបង្ហាញចំណុចពិសេសរៀងៗខ្លួនក្នុងការប្រគំតន្ត្រីទេសចរណ៍លើកទីពីររបស់ពួកគេដែលគ្រោងធ្វើឡើងនៅ ១៨ប្រទេសជុំវិញពិភពលោក។ក្រុមចម្រៀងនារី K-pop Itzy (អ៊ីតឈី) បច្ចុប្បន្នកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកទីពីររបស់ពួកគេដែលមានឈ្មោះថា “ITZY 2ND WORLD TOUR "BORN TO BE"។

 

 

 

បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៩ សមាជិកក្រុមរួមមាន Yeji (យេជី), Lia (លីអា), Ryujin (យូជីន), Chaeryeong (ឈែយ៉ុង) និង Yuna (យូណា) បានទទួលការគាំទ្រគួរឱ្យកត់សម្គាល់តាមរយៈបទចម្រៀងបែបប៉ុប ហ៊ីបហប់ និង EDM ក្បាច់រាំប្លែកៗពោរពេញដោយថាមពល ព្រមជាមួយការផ្សព្វផ្សាយនូវសារវិជ្ជមានផ្សេងៗដូចជាការស្រលាញ់ខ្លួនឯង និងការលើកទឹកចិត្ត។ 

 

 

តាមរយៈកិច្ចសម្ភាសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ សមាជិក Chaeryeong បានចែករំលែកថាអ្វីដែលនាងទន្ទឹងរង់ចាំបំផុតសម្រាប់ការប្រគំតន្ត្រីទេសចរណ៍លើកនេះគឺជាការបង្កើតនូវការចងចាំល្អៗជាមួយអ្នកគាំទ្រទាំងអស់របស់ពួកគេជុំវិញពិភពលោក។

 


សមាជិក Ryujin បានបន្ថែមថាដំណើរប្រគំតន្ត្រីទេសចរណ៍លើកនេះក៏នឹងជាឱកាសមួយសម្រាប់សមាជិកក្រុមម្នាក់ៗដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ពួកគេក្នុងនាមជាសិល្បករប៉ុបផងដែរ ជាពិសេសបន្ទាប់ពីពួកគេបានបញ្ចេញបទចម្រៀងទោលរៀងៗខ្លួន នៅក្នុងអាល់ប៊ុមចុងក្រោយ “Born to Be” កាលពីឆ្នាំកន្លងទៅ។

 

 

គួរបញ្ជាក់ថា សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកនេះ ក្រុម ITZY នឹងត្រូវសម្ដែងនៅ ១៨ប្រទេសនិងតំបន់នៅអាស៊ី អូស្ត្រាលី នូវែលសេឡង់ អាមេរិកឡាទីន អឺរ៉ុប និងអាមេរិកខាងជើង ដោយបានចាប់ផ្ដើមកាលពីចុងខែកុម្ភៈ និងបន្តរហូតដល់ខែសីហា ឆ្នាំ២០២៤ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024